(ប៊ូដាប៉េស្ត)៖ សកម្មភាពដែលកំពូលកីឡាករលំដាប់ពិភពលោក Cristiano Ronaldo ដកភេសជ្ជៈកូកាកូឡាចេញពីមុខរបស់គាត់ ហើយលើកទឹកសុទ្ធជំនួសវិញ អំឡុងពេលធ្វើសន្និសីទសារព័ត៌មាន Euro 2020 កាលពីថ្ងៃចន្ទ ធ្វើឲ្យក្រុមហ៊ុនកូកាកូឡា ខាតទឹកប្រាក់ ៤ប៊ីលានដុល្លារអាមេរិក។ នេះបើតាមការផ្សាយ ដោយគេហទំព័រព័ត៌មានអាមេរិក theathletic នៅថ្ងៃពុធ ទី១៦ ខែមិថុនានេះ។

រ៉ូណាល់ដូ ដែលត្រូវជាប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ បានធ្វើសន្និសីទសារព័ត៌មាន មុនពេលការប្រកួតរវាងក្រុមជម្រើសជាតិព័រទុយហ្កាល់ និងហុងគ្រី នៅទីក្រុងប៊ូដាប៉េស្តមកដល់ កាលពីថ្ងៃចន្ទ ដែលក្នុងនោះគេឃើញគាត់ ដកភេសជ្ជៈកូកាកូឡា ចេញពីកៅអីរបស់គាត់។ ភ្លាមៗនោះ កីឡាករ ដែលមានវ័យ ៣៦ឆ្នាំខាងលើ បានលើកទឹកសុទ្ធហើយនិយាយថា «យើងគួរបរិភាគទឹកសុទ្ធជំនួសវិញល្អជាង»

សកម្មភាពរបស់កំពូលកីឡាករដែលកំពុងលេងឲ្យក្លឹបសេះបង្កង់ Juventus បណ្តាលឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់តម្លៃទីផ្សាររបស់ភេសជ្ជៈកូកាកូឡា។

* តើមានអ្វីកើតឡើង?
ភាគហ៊ុនរបស់កូកាកូឡា មានតម្លៃ ៥៦.១ដុល្លារ ក្នុងមួយហ៊ុន នៅពេលដែលទីផ្សារភាគហ៊ុនបានបើកឡើង នៅអឺរ៉ុប កាលពីថ្ងៃចន្ទ។ ផ្ទុយទៅវិញ គ្រាន់តែសន្និសីទរបស់ រ៉ូណាល់ដូ ចប់ភ្លាម ធ្វើឲ្យភាគហ៊ុនរបស់កូកាកូឡា នៅសល់ត្រឹមតែ ៥៥.២ដុល្លារ ក្នុងមួយហ៊ុន។ នេះមានន័យថា ១.៦ភាគរយ បានបាត់បង់ពីតម្លៃភាគហ៊ុន ជាលទ្ធផលធ្វើឲ្យក្រុមហ៊ុនកូកាកូឡាខាតបង់ ៤ប៊ីលានដុល្លារអាមេរិក។

* តើក្រុមហ៊ុនកូកាកូឡា ធ្វើយ៉ាងម៉េចដើម្បីតបទៅនឹងសកម្មភាព រ៉ូណាល់ដូ?
កូកាកូឡា បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ ពាក់ព័ន្ធនឹងសកម្មភាពរបស់កំពូលកីឡាករលំដាប់ពិភពលោក ដោយក្នុងសេចក្តីថ្លែងការណ៍ បញ្ជាក់យ៉ាងដូច្នេះថា «មនុស្សគ្រប់គ្នាមានសិទ្ធិក្នុងការទទួលទានអ្វីដែលពួកគេចូលចិត្ត ហើយមនុស្សគ្រប់គ្នាក៏មានរសនិយម និងសេចក្តីត្រូវការខុសៗគ្នាផងដែរ»។

* ហេតុអ្វីបានជា រ៉ូណាល់ដូ មិនចូលចិត្តភេសជ្ជៈមានជាតិស្ករ?
មនុស្សដែលបរិភោគបន្លែមានរបបអាហារត្រឹមត្រូវ ដែលត្រូវបានគេដឹងថា មិនទទួលទានអាហារដែលសម្បូរជាតិស្ករទេ។ រ៉ូណាល់ដូ ត្រូវបានគេដឹងថា គាត់បរិភោគអាហារយ៉ាងត្រឹមត្រូវ ដើម្បីជួយថែរក្សរាងកាយដ៏អស្ចារ្យរបស់គាត់៕