(អាមេរិក)៖ តុលាការទីក្រុង New York នៅថ្ងៃអង្គារ៍សប្តាហ៍នេះ បានប្រកាសថា អ្នកដឹកនាំរឿងល្បីឈ្មោះរបស់អាមេរិក គឺលោក Harvey Weinstein ឆាប់ៗខាងមុខនេះ នឹងត្រូវធ្វើបត្យាប័នទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ដើម្បីកាត់ទោស ជុំវិញបទល្មើស «រំលោភសេពសន្ថវៈ» ទៅលើស្ត្រីចំនួន៥នាក់ ដែលបានប្រព្រឹត្តិនៅ Los Angeles និងតំបន់ Beverly Hills។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Los Angeles Times នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

លោក Weinstein បច្ចុប្បន្នមានវ័យ៦៩ឆ្នាំ និងក្រុមមេធាវីរបស់លោក បានចំណាយពេលជាច្រើនខែ ដើម្បីតតាំងក្តី និងស្នើសុំធ្វើបត្យាប័នលោក Harvey Weinstein ទៅកាត់ទោសនៅកាលីហ្វ័រញ៉ាវិញ។

យ៉ាងណាមិញ នៅថ្ងៃអង្គារ៍សប្តាហ៍នេះ ចៅក្រមតុលាការនៅតំបន់ Erie រដ្ឋ New York បានសម្រេចថា អាជ្ញាធរតំបន់ Los Angeles អាចនាំខ្លួនលោក Weinstein ទៅកាន់រដ្ឋ California បានភ្លាមៗ ដើម្បីប្រឈមនឹងការបើកសវនាការថ្មីមួយទៀត ពាក់ព័ន្ធការចោទប្រកាន់ពីអំពើបៀតបៀនផ្លូវភេទ និងទោសផ្សេងទៀតដែលអ្នកដឹកនាំរឿងរូបនេះបានប្រព្រឹត្តិ។

គួរជម្រាបថា កាលពីខែមីនា ឆ្នាំ២០២០ អ្នកដឹកនាំរឿង លោក Harvey Weinstein ត្រូវបានតុលាការទីក្រុង New York កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២៣ឆ្នាំ បន្ទាប់ពីរកឃើញថាលោកមានទោសពីបទ «រំលោភសេពសន្ថវៈ» និង «បៀតបៀនផ្លូវភេទ»៕