(ក្រុងរ៉ូម)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៉ីតាលី ត្រូវការតែ ៣ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីកក់កៅអីវគ្គ ១៦ក្រុមនៃព្រឹត្តិការណ៍ជើងឯកអឺរ៉ុប Euro 2020 ប្រសិនបើបន្តឈ្នះលើក្រុមស្វីសយប់នេះទៀត ពីការប្រកួតលើកទី២ ប្រចាំពូល A របស់ពួកគេ។

ការប្រកួតដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Stadio Olimpico ជាទីដែលពួកគេបំបាក់តួកគី ៣-០ ឡើងទៅឈរនៅកំពូលតារាងបណ្តោះអាសន្ន និងត្រូវការជ័យជម្នះ ១ប្រកួតទៀតប៉ុណ្ណោះ ដើម្បីទទួលបានកៅអីទៅកាន់វគ្គចាញ់ធ្លាក់ជាបន្តទៀត។

គូប្រជែងស្វីសនាម៉ោង ២៖០០នាទីឈានចូលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ ដែលទើបមាន ១ពិន្ទុពីការប្រកួតស្មើគ្នាទល់នឹងវ៉េលនោះ ធ្វើឲ្យពួកគេត្រូវការជ័យជម្នះជាចាំបាច់សម្រាប់ ២ប្រកួតដែលនៅសល់ និងស្វែងរកពិន្ទុផងដែរ ដ្បិតយុទ្ធនាការ Euro 2020 ដែលលេង ២៤ប្រទេសនោះ ក៏ជ្រើសរើសក្រុមលេខ៣ ល្អបំផុតដើម្បីឡើងទៅបង្រ្គប់កៅអីវគ្គ ១៦ក្រុមផងដែរ។ ដូច្នេះ ១ពិន្ទុសម្រាប់ក្រុមរបស់ Granit Xhaka និង Xherdan Shaqiri ក៏សំខាន់ដែរ។

រវាងអ៉ីតាលី និងស្វីសធ្លាប់មានប្រវត្តិជួបគ្នាដល់ទៅ ៥៨ដងគិតចាប់តាំងពីឆ្នាំ១៩១១ មកម្ល៉េះ ពោលគឺនៅមុនពេលពាន Euro ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦០ មក ដោយក្នុងនោះស្វីសធ្លាប់ឈ្នះអ៉ីតាលីតែ ៧ដងប៉ុណ្ណោះ ក្រៅពីធ្លាប់ចាញ់ដល់ទៅ ២៩ដង និងស្មើគ្នា ២២ដង៕