(ម៉ាឌ្រីដ)៖ កីឡាករខ្សែការពារកណ្តាល Sergio Ramos នឹងចាកចេញពីក្លិប Real Madrid នាពេលដ៏ខ្លីខាងមុខនេះ បន្ទាប់រូបគេប្រកាសលាគ្នាក្នុងសន្និសីទសារព័ត៌មានរបស់ក្លិប ដើម្បីកាន់តួនាទីជាប្រធានក្រុមរយៈពេលវែងទៅមុខទៀត ប្រសិនបើបន្តលេងនៅទឹកដី Santiago Bernabeu។

Ramos ដែលមានវ័យ ៣៥ឆ្នាំសញ្ជាតិអេស្ប៉ាញនោះ បានឈ្នះពាន La Liga ៥ដងជាមួយក្រុម Real Madrid រួមទាំងពានអឺរ៉ុប UEFA Champions League បាន ៤ដងផងដែរ គិតចាប់តាំងពីចូលរួមជាមួយអធិរាជសក្នុងឆ្នាំ២០០៥ មក ក្នុងនាមជាកីឡាករហាត់តាំងពីកុមារភាពពីក្នុងក្លិប Sevilla ដែលជាសមាជិកលេងនៅ La Liga ដូចគ្នា។

Ramos ដែលធ្លាប់ឈ្នះពាន FIFA World Cup និង Euro ជាមួយអេស្ប៉ាញផងនោះ បានចូលលេងសរុប ៦៧១ប្រកួត និងស៊ុតបញ្ចូលទីបាន ១០១គ្រាប់ផងដែរ នៅមុនពេលកិច្ចសន្យារបស់គេអស់សុពលភាពនៅបំណាច់រដូវកាលឆ្នាំ២០២០-២០២១ ជាមួយ Real Madrid ដ្បិតក្លិបក៏ត្រៀមធ្វើសន្និសីទលាគ្នា និងប្រកាសពីការចាកចេញរបស់ Sergio Ramos ផងដែរ។

កន្លងមក Ramos ធ្លាប់មានអារម្មណ៍ចង់ទៅលេងនៅ Premier League ផងដែរ គ្រាដែលក្លិបនៅអង់គ្លេសជាច្រើន ក៏ចង់បានខ្សែការពារចាស់វស្សានេះដូចគ្នា ហើយប្រសិនបើបរាជ័យ ក្លិបនៅ Major League Soccer ជាជម្រើសទី២ មុនពេលកីឡាករលេងកាចៗមួយនេះសម្រេចព្យួរស្បែកជើងនៅលើជញ្ជាំង៕