(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តល្បី និងលំដាប់ពិភពលោក General Motors (GM) គ្រោងបង្កើនល្បឿនក្នុងការ ផលិត រថយន្តអគ្គិសនី និងរថយន្តបើកបរដោយស្វ័យប្រវត្តិ តាមរយៈការបន្ថែមទុកវិនិយោគជាមួយនឹងទឹកប្រាក់ ៣៥ពាន់លាន ដុល្លារអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន GM បាន បន្ថែមទុនវិនិយោគចំនួន ៣៥ពាន់លានដុល្លារទៀត ដើម្បីជំរុញការផលិតរថយន្តអគ្គិសនី និងរថយន្តបើកបរដោយ ស្វ័យប្រវត្តិឱ្យលឿនទៅតាមការចង់បានរបស់អតិថិជន។

លោក Mary Barra នាយកប្រតិបត្តិក្រុមហ៊ុន GM បានថ្លែងឱ្យដឹងថា ការបន្ថែមទុនវិនិយោគនេះគឺដើម្បីពន្លឿននៃការ ផលិត ព្រោះថានៅពេលនេះមានអតិថិជនជាច្រើនកំពុងតែរង់មើលរថយន្តគំរូម៉ូដែលថ្មីៗ ដូច្នេះយើងត្រូវតែផលិតឱ្យបាន លឿនបំផុត។

តាមផែនការដែលបានគ្រោងទុក GM ចង់លក់រថយន្តអគ្គិសនីនៅជុំវិញពិភពលោកឱ្យបានយ៉ាងហោចណាស់ ១លានគ្រឿង នៅឆ្នាំ២០២៥ និងកើនឡើងទ្វេដងនៅឆ្នាំបន្តបន្ទាប់ ខណៈដែល Ford បានប្រកាសវិនិយោគ ៣០ពាន់លាន ដុល្លារអាមេរិកដើមការផលិតរថយន្តអគ្គិសនី៕