(ក្រុងឡុងដ៍)៖ លោក Rafael Benitez មានបំណងមកដឹកនាំក្លិបលេងនៅ Premier League គឺក្លិបស្ករគ្រាប់ Everton នៅកៅអីរបស់លោក Carlo Ancelotti ទំនេរនៅឡើយ ដែលបានលាឈប់ទៅដឹកនាំ Real Madrid វិញ។

បុរសសញ្ជាតិអេស្ប៉ាញខាងលើនេះ បានដឹកនាំក្លិបនៅអង់គ្លេសចុងក្រោយ គឺក្លិបសារិកាព្រៃ Newcastle United មុនពេលលាឈប់ទៅដឹកនាំក្លិបចិន Dalian ដែលលេងក្នុងកំពូល China Super League ដល់បច្ចុប្បន្ន។

តែយ៉ាងណា Rafael Benitez នឹងស្ថិតក្នុងការពិចារណាពីសំណាក់ Everton គ្រាដែលលោក Nuno Espirito ក៏ជាបេក្ខភាពសំខាន់ដែលទើបលាឈប់ពីក្លិប Wolverhamton Wanderer ក្រោយបញ្ចប់រដូវកាលនេះ ក្នុងការក្លាយជាអ្នកចាត់ការថ្មីនៅទឹកដី Goodison Park ផងដែរ។

បើអាចកើតឡើងពិតមែន Benitez និងក្លាយជាអ្នកចាត់ការទូទៅដែលដឹកនាំក្លិបស្ថិតក្នុងទីក្រុងតែមួយរបស់អង់គ្លេស ដែលធ្លាប់ឈ្នះពានអឺរ៉ុប UEFA Champions League និង FA Cup កាលដឹកនាំ Liverpool បាន ៦ឆ្នាំនៅ Anfield៕