(អាមេរិក)៖ បច្ចុប្បន្ននេះខ្សែភាពយន្តហូលីវូដល្បី «Fast & Furious» បានឈានដល់វគ្គទី៩ហើយ និងមានបណ្តាប្រទេសមួយចំនួនលើពិភពលោកកំពុងចាក់បញ្ចាំង។ យ៉ាងណាមិញ តើមានកំណត់ត្រាអ្វីខ្លះ ទើបជំរុញឲ្យភាពយន្តត្រកូល «Fast & Furious» ល្បីល្បាញខ្លាំង មានអ្នកគាំទ្រច្រើនទូទាំងពិភពលោក រហូតអាចរកប្រាប់ចំណូលរាប់ពាន់លានដុល្លារ?

តាមពិតទៅខ្សែភាពយន្តមួយនេះ បានបំបែកកំណត់ត្រាតាំងពីវគ្គដំបូង ដែលបញ្ចេញក្នុងឆ្នាំ២០០១មកម្ល៉េះ ជាមួយនឹងការទទួលបានប្រាក់ចំណូលរាប់ពាន់លានដុល្លារអាមេរិក ប៉ុន្តែសម្រាប់វគ្គ៩ នាពេលបច្ចុប្បន្ននេះ ហាក់ទទួលប្រាក់ចំណូលមិនច្រើនដូចមុនឡើយ ដោយសារជំងឺរាតត្បាតកូវីដ-១៩។ តែយ៉ាងណា ហាក់មិនថ្វីឡើយ ត្បិតកន្លងមករឿងនេះរកប្រាក់ចំណូលដ៏សន្ធឹកសន្ធាប់ រហូតបង្កើតបានជាកំណត់ត្រាផងដែរ។

ជាក់ស្តែងក្នុងវគ្គ៧ ដែលជាការសម្តែងលើកចុងក្រោយនៃឆាកជីវិតរបស់ Paul Walker មុនពេលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងបញ្ចាំងក្នុងឆ្នាំ២០១៥នោះ បានបំបែកកំណត់ត្រា ទទួលប្រាក់ចំណូលរហូតដល់១ពាន់លានដុល្លារ ត្រឹមការចាក់បញ្ចាំងរយៈពេល១៧ថ្ងៃ។

ខ្សែភាពយន្តកំពូលចំនួន៥ក្នុងប្រទេសចិន មានពីរជាត្រកូល «Fast & Furious» បានជាប់ជាខ្សែភាពយន្តហូលីវីដរកចំណូលបានច្រើនបំផុត ក្នុងទីផ្សារប្រទេសចិន រួមមានវគ្គ «The Fate of the Furious» ទទួលបានចំនូល ២.៦ ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ និង Furious 7 ទទួលបានប្រាក់ចំណូលប្រមាណ ២.៤២ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៥។

ក្នុងឆ្នាំ២០២១ Trailer រឿង «Fast & Furious» វគ្គ៩ មានចំនួនអ្នកចូលទស្សនារហូតដល់ ២៦២លានដង ក្នុងរយៈពេល៧២ម៉ោង ដែលជាចំនួនដ៏ច្រើនជាងរឿងដែលធ្លាប់បង្កើតកំណត់ត្រាកន្លងទៅ Avengers: Infinity War។

ខ្សែភាពយន្តមួយនេះ បានបង្កើតប្រវត្តិសាស្ត្របន្ថែមទៀត ជាប់ជាខ្សែភាពយន្តល្អបំផុត ក្នុងថ្ងៃចាក់បញ្ចាំងនៅកូរ៉េខាងត្បូង ដែលនាំមកនូវទឹកប្រាក់ ៣.៤លានដុល្លារ ត្បិតមានជំងឺរាតត្បាតកូវីដ-១៩ក្តី។ រឿងនេះសម្រាប់វគ្គ៩ បានលក់សំបុត្រ សម្រាប់ការកក់ទុកមុនអស់ជាង២លានដុល្លាររួចទៅហើយ ដូច្នេះវាហាក់ដូចជាជោគជ័យដ៏ធំមួយទៀតហើយ ពីប្រាក់ចំណូល។

គួរជម្រាបថា សម្រាប់រឿង «Fast & Furious» វគ្គ៩នេះ នឹងចាក់បញ្ចាំងលើរោងកុនលើទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះ៕