(ភ្នំពេញ)៖ ប្រាសាក់ ដែលជាគ្រឹះស្ថានលំដាប់ទី១ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងជាស្ថាប័នមួយក្នុងចំណោមធនាគារធំៗ ចំនួន៥ នៅកម្ពុជា បានបង្កើនដើមទុនបន្ថែម ៧០លានដុល្លាអាមេរិក លើដើមទុនស្រាប់ ២៣០ លានដុល្លារអាមេរិក ដើម្បីគាំទ្រប្រតិបត្តិការ និងពង្រីកបន្ថែមទំនើបកម្មសេវាហិរញ្ញវត្ថុដ៏សម្បូរបែបរបស់ខ្លួនជូនដល់អតិថិជន។

ដើមទុនចុះបញ្ជីចំនួន ១,២០០ប៊ីលានរៀល សមមូលនឹង ៣០០លានដុល្លារអាមរិកនេះ បានមកពីការចូលរួមមូលនិធិវិនិយោគរបស់ភាគទុនិកចំនួន ៤ រួមមាន៖ ធនាគារ KB Kookmin Bank នៅប្រទេសកូរ៉េខាងត្បូង, ធនាគារ Bank of East Asia (BEA) នៅទីក្រុងហុងកុង, ក្រុមហ៊ុន Lanka Orix Leasing Company នៅប្រទេសស្រីលង្កា និងក្រុមហ៊ុនបុគ្គលិកប្រាសាក់ (PSCo)។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក បានមានប្រសាសន៍ថា «ប្រាសាក់ ពិតជាមានសេចក្ដីរីករាយជាខ្លាំងបន្ទាប់ពីទទួលបានការអនុញ្ញាតជាផ្លូវការពី ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម អំពីការបង្កើនដើមទុនចុះបញ្ជីបន្ថែមទៀតនេះ។ ការបង្កើនដើមទុននេះ ជាការចាំបាច់ក្នុងកសាងទំនុកចិត្តបន្ថែមពីសាធារណជន និងដោយសារតែអាជីវកម្មរបស់ប្រាសាក់ មានការរីកចម្រើនលូតលាស់យ៉ាងខ្លាំង តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ ដែលឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ព្រមទាំងមានភាពទន់ភ្លន់នៃផលិតផល និងសេវាដែលបានផ្តល់ជូនអតិថិជន និងសេវាហិរញ្ញវត្ថុឌីជីថល»

លោក សូនី បន្ថែមថា នេះក៏សបញ្ជាក់ឱ្យឃើញថា ស្ថាប័នយើងមានជំហររឹងមាំ ដើម្បីរក្សានិរន្តរភាពនៃអត្រាកំណើនដ៏ខ្លាំងក្លាពីអតិថិជន វិនិយោគិន និងសាធារណជន បន្ទាប់ពីប្រាសាក់បានសម្រេចសមិទ្ធផលល្អប្រសើរនាពេលកន្លងមកដោយផ្អែកលើមូលដ្ឋានសំខាន់ៗរួមមាន៖

*ភាពល្អប្រសើរផ្នែកអាជីវកម្ម៖ ទ្រព្យសកម្មសរុបនៅដំណាច់ត្រីមាសទី១ ឆ្នាំ២០២១ មានចំនួន ៣.៧៤ប៊ីលានដុល្លារអាមេរិក សម្ពៀតឥណទានសរុបមានចំនួន ៣.២២ប៊ីលានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំសរុបបានកើនឡើងដល់ ២.១៥ ប៊ីលានដុល្លារអាមេរិក
*ការបម្រើសេវាកម្មប្រកបដោយវិជ្ជាជីវៈ៖ ការផ្តល់សេវាជូនអតិថិជនដោយបុគ្គលិកជិត ១០,០០០នាក់ ដែលបានបំពាក់នូវជំនាញវិជ្ជាជីវៈ ទីតាំងសាខាចំនួន ១៨២ការិយាល័យ និងបណ្តាញម៉ាស៊ីនអេធីអឹមទូទាំងប្រទេស ព្រមទាំងសេវាឌីជីថល-ប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) និងប្រាសាក់អ៊ីនធឺណិតប៊ែងឃីង (PRASAC Internet Banking)។
*ដំណោះស្រាយសេវាហិញ្ញវត្ថុ ដែលផ្តល់នូវភាពរីកចម្រើន រួមមាន សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ ទូទាត់វិក្កយបត្រទឹក ទូទាត់វិក្កយបត្រភ្លើង ទូទាត់វិក្កយបត្រសំរាម និងសំណល់រឹង បង់ថ្លៃសិក្សា បញ្ចូលកាតទូរស័ព្ទគ្រប់ប្រព័ន្ធ ផ្ទេរប្រាក់ឆ្លងធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលសមាជិកប្រព័ន្ធបាគង (Bakong) និងប្រព័ន្ធរីធែលផេ (Retail Pay) ផ្ទេរប្រាក់ឬដកប្រាក់តាមលេខសម្ងាត់ ប្តូរប្រាក់ ខេមបូឌានស៊ែរស្វ៊ីច (CSS) ឬ សេវាដកប្រាក់តាមម៉ាស៊ីនអេធីអឹមរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលសមាជិក CSS សេវាទូទាត់រហ័ស សេវាបើកប្រាក់បៀវត្ស អេធីអឹម ម៉ាស៊ីនដាក់ប្រាក់ ប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) ប្រាសាក់អ៊ីនធឺណិតប៊ែងឃីង (Internet Banking) ម៉ាស៊ីនឆូតកាត សេវាបញ្ជាក់សមតុល្យគណនី សេវាបញ្ជាការទូទាត់អចិន្ត្រៃយ៍ និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀត។

លោកបន្ថែមថា «យើងខ្ញុំសង្ឃឹមថា អតិថិជននឹងមានភាពកក់ក្តៅ និងមានទំនុកចិត្តកាន់តែច្រើនបន្ថែមទៀតមកលើប្រាសាក់»។ ស្ថានភាពដ៏រឹងមាំផ្នែកសន្ទនីយភាព និងមូលធន គឺធានាបានថា ប្រាសាក់ នឹងឆ្លងកាត់ដោយជោគជ័យលើបញ្ហាទាំងឡាយ ដែលកើតពីការផ្លាស់ប្ដូរក្នុងបរិយាកាសប្រតិបត្តិការ ដូចជាស្ថានភាពជំងឺកូវីដ ដែលកំពុងបន្តកើតមាននេះជាដើម៕