(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ បានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ ៥លានរៀល សរុប២៥លានរៀល សម្រាប់ខែឧសភា ជូនដល់អតិថិជន៥នាក់របស់ខ្លួន ដែលកំពុងស្នាក់នៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ។

នេះគឺជាការជ្រើសរើសលើកទី២ សម្រាប់ខែឧសភា ឆ្នាំ២០២១ ដែលបានប្រព្រឹត្តិទៅដោយសុក្រិតភាព កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ តាមរយៈការផ្សាយផ្ទាល់ លើគេហទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ដែលក្នុងឱកាសនោះក្រុមហ៊ុនបានប្រកាសរកឃើញអតិថិជនចំនួន ៥នាក់ ដែលទទួលបាន ប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ៗចំនួន ៥លានរៀល សរុប ២៥លានរៀល។ ក្រុមហ៊ុននឹងបន្តផ្តល់រង្វាន់លើកទឹកចិត្តនេះ ដល់អតិថិជនដែលទិញផលិតផលធានារ៉ាប់រង អាយុជីវិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដោយមិនគិតអំពីទឹកប្រាក់បុព្វលាភធានារ៉ាប់រងនោះទេ។

កញ្ញា ស ស៊ីវមួយ ដែលមានទីលំនៅបច្ចុប្បន្នក្នុង ឃុំបាវិត ស្រុកចន្រ្ទា ខេត្តស្វាយរៀង ជាអតិថិជនទី១ សម្រាប់ខែឧសភា ដែលជាអ្នកទទួលបានប្រាក់រង្វាន់លើក ទឹកចិត្តនេះបានឱ្យដឹងថា កញ្ញាមានអារម្មណ៍សប្បាយចិត្តខ្លាំង នៅពេលដែលក្រុមហ៊ុនបានទូរសព្វមកប្រាប់ថា ឈ្នះរង្វាន់ទឹកប្រាក់លើកទឹកចិត្ត ៥លានរៀល និងសូម អរគុណដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តនេះ និងជូនពរដល់ក្រុមហ៊ុនឲ្យមានអតិថិជនកាន់តែច្រើន។

លោក រ័ត្ន សុវត្តិ នាយកធនធានមនុស្សរបស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានឱ្យដឹងថា ដោយផ្អែកលើភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនសម្រេច បាននូវសមិទ្ធផលជាច្រើនដែលមិននឹកស្មានដល់។ ភាពជោគជ័យនេះគឺបានមកពីការគ្រាំទ្រ និងការជឿជាក់លើសេវាកម្មរបស់ក្រុមហ៊ុនពីសំណាក់អតិថិជន។ ជាការ តបស្នងនិងថ្លែងអំណរគុណ ក្រុមហ៊ុនបានរៀបចំការផ្តល់ជូនរង្វាន់លើកទឹកចិត្តនេះ ដល់អតិថិជនទាំងអស់ដែលបានគាំទ្រដល់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍។

សូមបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ភីអិលស៊ី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាណាឌីយ៉ា អ៊ិនវេសមេន ហូលឌីង ដែលមាន ទ្រព្យសម្បត្តិសរុបជាង ៧ពាន់លានដុល្លារអាមេរិក និងជាកេរ្ត៍ដំណែលតាំងពីឆ្នាំ១៩៩១។ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ជាក្រុមហ៊ុនដែលមាន មូលដ្ឋាន ហិរញ្ញវត្ថុរឹងមាំ និងជាទីទុកចិត្ត ព្រមទាំងទទួលបានពានរង្វាន់៣ឆ្នាំជាប់ៗគ្នា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរីកចម្រើនលឿនបំផុតនៅកម្ពុជាក្នុងឆ្នាំ២០១៨ ២០១៩ និង ២០២០ ដែលផ្តល់ដោយ The Global Banking and Finance Review ដែលជាក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស៕