(រតនគិរី)៖ ធនាគារវឌ្ឍនៈ បានបើកដំណើរការសាខាខេត្តរតនគិរី ដែលជាសាខាទី២៥ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះ។ ធនាគារវឌ្ឍនៈ សាខាខេត្តរតនគិរី មានអគារខ្ពស់ប្រណិត ដែលមានកម្ពស់៩ជាន់ ស្ថិតនៅលើផ្លូវជាតិលេខ ៧៨ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

អ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វឌ្ឍនៈ, អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការ, លោក ថង សាវុន អភិបាលខេត្តរតនគិរី, លោក ងិន ណែល អភិបាលក្រុងបានលុង និងលោក ញ៉ែត នុត នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តរតនគិរី បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកដំណើរការ ធនាគារ វឌ្ឍនៈ សាខាខេត្តរតនគិរី។

សាខាខេត្តរតនគិរី នឹងផ្តល់នូវសេវាធនាគារពាណិជ្ជគ្រប់ប្រភេទជូនអតិថិជន ដើម្បីគាំទ្រអាជីវកម្មក្នុងខេត្ត ក្នុងវិស័យនានា ដូចជាកសិកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម។ សាខាខេត្តរតនគិរី នឹងផ្សព្វផ្សាយសេវាធនាគារឌីជីថលរបស់ខ្លួន ដូចជាសេវាធនាគារចល័ត សេវាធនាគារតាមអ៊ីនធឺណិត និងប័ណ្ណផងដែរ។

ផលិតផល និងសេវាកម្ម ធនាគារ វឌ្ឍនៈ ត្រូវបានទទួលស្គាល់ទាំងនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។ ក្នុងឆ្នាំ២០២១នេះ ធនាគារ វឌ្ឍនៈទទួលបានពានរង្វាន់អន្តរជាតិជាច្រើន រួមមាន៖

* ពានរង្វាន់សេវាធនាគារចល័តដែលងាយស្រួលប្រើប្រាសជាងគេ ប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី Global Economics ពីចក្រភពអង់គ្លេស
* ពានរង្វាន់ធនាគារ ដែលផ្តល់សេវាកម្មអតិថិជនល្អបំផុតប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី Finance Derivative ពីប្រទេសហូឡង់
* ពានរង្វាន់អភិបាលកិច្ចល្អបំផុត ប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី Finance Derivative ពីប្រទេសហូឡង់
* ពានរង្វាន់ធនាគារ ដែលផ្តល់សេវាកម្មអតិថិជនល្អបំផុតប្រចាំប្រទេសកម្ពុជាក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី International Business Magazine ពីសភាពអារ៉ាប់រួម
* ពានរង្វាន់សេវាធនាគារចល័ត ដែលមានភាពច្នៃប្រឌិតជាងគេ ប្រចាំប្រទេសកម្ពុជា ក្នុងឆ្នាំ២០២១ ពីទស្សនាវត្តី International Business Magazine ពីសភាពអារ៉ាប់រួម
* ពានរង្វាន់អភិបាលកិច្ចល្អបំផុត ពីទស្សនាវត្តី World Economic Magazine ពីសហរដ្ឋអាមេរិក
* ពានរង្វាន់សេវាធនាគារចល័តដែលល្អជាងគេ ពីទស្សនាវត្តី World Economic Magazine ពីសហរដ្ឋអាមេរិក
* ពានរង្វាន់ សេវាកម្មមាសល្អជាងគេ ពីទស្សនាវត្តី World Business Outlook ពីប្រទេសឹង្ហបុរី
* និងពានរង្វាន់សេវាធនាគារចល័តដែលល្អជាងគេពីទស្សនាវត្តី World Business Outlook ពីប្រទេសឹង្ហបុរី។

លោក ហេន សេវៈ ប្រធានធនាគារវឌ្ឍនៈ សាខាខេត្តរតនគិរី ដែលមានបទពិសោធន៍ជាង១០ឆ្នាំ ក្នុងវិស័យធនាគារ នឹងដឹងនាំបុគ្គលិកធនាគារក្នុងសាខាទាំងអស់ ដើម្បីបម្រើសេវាកម្មល្អបំផុតជូនអតិថិជន។

សូមជម្រាបថា ធនាគារ វឌ្ឍនៈ បង្កើតឡើងនៅក្នុងឆ្នាំ២០០២ ដែលវិនិយោគដោយអ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង។ បច្ចុប្បន្នធនាគារ វឌ្ឍនៈ មានបុគ្គលិកប្រហែល៧០០នាក់ និង២៥សាខា ដែលក្នុងនោះ១២សាខា ស្ថិតនៅរាជធានីភ្នំពេញ និង១៣សាខាទៀត ស្ថិតនៅតាមបណ្តាខេត្ត។ ទីស្នាក់ការកណ្តាលធនាគារ វឌ្ឍនៈ ស្ថិតនៅអគារឌ្ឍនៈ រាជធានីភ្នំពេញ។

ធនាគារ វឌ្ឍនៈគ្រោង នឹងដាក់ឲ្យដំណើរការសាខាជាបន្តបន្ទាប់ទៀត នៅទូទាំងប្រទេសត្រឹមឆ្នាំ២០២២ ខាងមុខនេះ។ ធនាគារ វឌ្ឍនៈ គ្រោងនឹងដាក់ឲ្យដំណើរការសាខាខេត្តព្រះវិហារ នៅខែកក្កដា ឆ្នាំ២០២១នេះផងដែរ៕