(សេវីយ៉ា)៖ ក្រុមបាល់ទាត់ជម្រើសជាតអេស្ប៉ាញ បានលេងស្មើជាលើកទី២ ក្នុងយុទ្ធនាការ UEFA Euro 2020 នៅពេលបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ជាមួយប៉ូឡូញនារាត្រីឈានចូលថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១ នេះ។

អេស្ប៉ាញ និងប៉ូឡូញបានប្រកួតបញ្ចប់ជុំទី២ នៃវគ្គសន្សំពិន្ទុប្រចាំពូល F នៅពេលបារាំង ក៏បានលេងស្មើទល់នឹងម្ចាស់ផ្ទះហុងគ្រីផងដែរក្នុងលទ្ធផល ១-១ នារាត្រីថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១។

កីឡាករខ្សែប្រយុទ្ធ Alvaro Morata ជាអ្នករកបានគ្រាប់បើកឆាកនៅនាទី២៥ មុនពេល Robert Lewandowski ជួយឲ្យប៉ូឡូញតាមស្មើវិញនៅនាទី៥៤ និងបន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីនៅកិឡដ្ឋានដែលស្ថិតក្នុងទីក្រុង Seville ប្រទេសអេស្ប៉ាញ នៅពេលដែលកីឡាករ Gerard Moreno មានឱកាសទាត់បាល់ ១១ម៉ែត្រ តែធ្វើមិនបានសម្រេច។

អេស្ប៉ាញ បានកំពុងដើរតាមលំនាំរបស់ព័រទុយហ្គាល់ដែលពួកគេលេង ៣ប្រកួតក្នុងពូលមិនដែលឈ្នះ និងចាញ់ឡើយ ពោលគឺស្មើទាំង ៣ប្រកួត និងបានក្លាយជាលេខ៣ បំផុតក្នុងចំណោម ៤ក្រុមដែលត្រូវបានជ្រើសរើសឡើងទៅបង្រ្គប់កៅអីវគ្គ ១៦ក្រុមចុងក្រោយកាល Euro 2016 និងឈ្នះពានតែម្តង។

នេះជាការប្រកួតស្មើលើកទី២ របស់ក្រុមដែលដឹកនាំដោយគ្រូបង្វឹក Luis Enrique នៅពេលលេងស្មើ ០-០ ពេលប៉ះស៊ុយអែតនៅថ្ងៃបើក គ្រាដែលប៉ូឡូញលេងចាញ់ស្លូវ៉ាគី ២-១៕