(សៀងហៃ)៖ សមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិផ្នែកស្ត្រីរបស់ចិន Tang Jiali នឹងចូលរួមលេងនៅក្លិប Tottenham Hotspur F.C ជាក្លិបធំមួយ ដែលលេងនៅលីគ Premier League របស់អង់គ្លេស, នេះបើតាមការបញ្ជាក់ពីក្លិបបាល់ទាត់ផ្នែកស្ត្រីសៀងហៃ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ។

Tang, វ័យ២៦ឆ្នាំ ជាខ្សែប្រយុទ្ធដ៏មានសក្តានុពលម្នាក់, បានបាត់បង់ឱកាសលេងនៅព្រឹត្តិការណ៍ Tokyo Olympics បន្ទាប់ពីមិនទាន់ជាសះស្បើយ ពីបញ្ហារបួសជង្គង់។

«Tang នឹងឈឺចាប់ នៅពេលដែលនាងប្រើប្រាស់ជើងខាងឆ្វេង។ ឥឡូវនេះនាងបានវិលត្រឡប់ ទៅកាន់ទីក្រុងសៀងហៃវិញ ដើម្បីទទួលការព្យាបាល», នេះបើតាមសម្តីវេជ្ជបណ្ឌិត Tang Dingjian ប្រចាំក្រុមជម្រើសជាតិ។ «នាងត្រូវការពេលវេលាមួយខែ ដើម្បីជាសះស្បើយ, ប៉ុន្តែការងាររបស់នាង នាពេលអនាគត នឹងមិនមានការប៉ះពាល់នោះទេ»។

Tang បានដើរតួយ៉ាងសំខាន់ ក្នុងជ័យជម្នះរបស់ចិន ក្នុងការប្រកួតតទល់នឹងក្រុមកូរ៉េខាងត្បូង នៅក្នុងការប្រកួតជម្រុះអូឡាំពិក។ នាងក៏ស្ថិតក្នុងចំណោមបេក្ខជន១០រូប នៃពានរង្វាន់កីឡាការិនីឆ្នើម របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក្នុងឆ្នាំ២០២០ផងដែរ។

Tang គឺជាសមាជិកក្រុមបាល់ទាត់ជម្រើសជាតិផ្នែកស្ត្រីរបស់ចិនម្នាក់ទៀតហើយ ដែលនឹងទៅលេងនៅក្រៅប្រទេស បន្ទាប់ពីកីឡាការិនី Wang Shuang បានទៅលេងឲ្យក្លិប Paris Saint-Germain របស់បារាំង៕