(បាងកក)៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Thailand Grand Prix ដែលគ្រោងនឹងធ្វើឡើងនៅទីលាន Chang International Circuit ប្រទេសថៃ ក្នុងខែតុលាខាងមុខនោះ, ត្រូវបានលុបចោលហើយ ដោយសារតែការរីករាលដាល នៃជំងឺ COVID-19, នេះបើតាមអ្នករៀបចំព្រឹត្តិការណ៍ MotoGP ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ។

ការប្រណាំង, ដែលដំបូងឡើង ត្រូវបានកំណត់ជាជុំទី១៦ នៃរដូវកាលនោះ, គ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលាខាងមុខ។

«បើទោះបីជា មានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់, ការរីករាលដាលនៃជំងឺ COVID-19 ដែលកំពុងបន្ត និងការរឹតត្បិត បានបង្ខំឲ្យមានការលុបចោល នូវព្រឹត្តិការណ៍នេះ», នេះបើតាមអ្នករៀបចំ MotoGP បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

ថៃ មានករណីឆ្លងជំងឺ COVID-19 ជាង៤២០,០០០ករណី និង៣,៤០៨ករណីបានស្លាប់។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Grand Prix នៅក្នុងប្រទេសថៃ គឺជាការប្រណាំទី៣ហើយ នៅតំបន់អាស៊ី ដែលត្រូវបានលុបចោល ដោយសារតែជំងឺ COVID-19 បន្ទាប់ពីការប្រកួតនៅអូស្ត្រាលី និងជប៉ុន៕