(អង់គ្លេស)៖ កីឡាករបាល់ទាត់ម្នាក់ ដែលលេងនៅលីគ Premier League ត្រូវបានប៉ូលិសចាប់ខ្លួន ដោយជាប់សង្ស័យពីបទរំលោភផ្លូវភេទលើកុមារ, នេះបើតាមការបញ្ជាក់ពីប៉ូលិសអង់គ្លេស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ។

កីឡាករ, ដែលមិនត្រូវបានគេបញ្ចេញឈ្មោះនោះ, ត្រូវបានចាប់ខ្លួននៅថ្ងៃសុក្រ ហើយត្រូវបានសាកសួរដោយប៉ូលិស មុនពេលដោះលែង ឲ្យនៅក្រៅឃុំ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ, ប៉ូលិសទីក្រុង Manchester បានឲ្យដឹងថា «ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ នៅថ្ងៃសុក្រ (ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១) សង្ស័យពាក់ព័ន្ធនឹងការរំលោភផ្លូវភេទលើកុមារ។ គាត់កំពុងស្ថិតនៅក្រៅឃុំរបស់ប៉ូលិស ដើម្បីសាកសួរបន្ត»។

កីឡាករបាល់ទាត់នោះ ត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន ដោយក្លិបរបស់លោក ស្របពេលដែលការស៊ើបអង្កេតកំពុងបន្ត។

ក្លិប បានលើកឡើងថា ខ្លួននឹងជួយជាមួយនឹងការសាកសួរនេះ។

ក្លិប Everton លេងនៅលីគ Premier League ក្រោយមកបានចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ឈប់ជាបណ្តោះអាសន្ន នូវកីឡាករម្នាក់ ស្ថិតក្នុងក្រុមជម្រើសដំបូងរបស់ខ្លួន ដោយសារមានការស៊ើបអង្កេតពីប៉ូលិស៕