(ភ្នំពេញ)៖ ក្រុមហ៊ុន កម្ពុជាតេលា ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខនៅកម្ពុជា និងទទួលសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ស្លាកសញ្ញា The Habit Burger Grill នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ បានចូលរួមឧបត្ថម្ភបឺហ្គឺ ៤០០ឈុត ដោយក្នុងមួយឈុតមានបឺហ្គឺ១ ដំឡូងចៀន១កញ្ចប់ និងកូកាកូឡា១ដប ជូនដល់សមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីរួចចំណែកក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩។

តំណាងក្រុមហ៊ុន កម្ពុជាតេលា បានលើកឡើងថា ការចូលរួមនេះគឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នាក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះអាសន្នដោយសារ ការរីករាលដាលនៃជំងឺកូវីដ ១៩ ក៏ដូចជាការតមស្នងនូវកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីប្រជាជនកម្ពុជា ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ ការរីករាលដាលនៃមេរោគកូវីដ-១៩ ៕