(ពិភពលោក)៖ សង្គមយើងសព្វថ្ងៃ ជាទូទៅក្នុងគ្រួសារមួយតែងមានប្តីមួយប្រពន្ធមួយប៉ុណ្ណោះ ក៏ប៉ុន្តែសម្រាប់បុរសជនជាតិឥណ្ឌាម្នាក់វិញ គឺគាត់មានប្រពន្ធដល់ទៅរាប់សិបនាក់ឯណោះ ខណៈប្រភពជាច្រើនបានចាត់ទុកគាត់ជាបុរសមានប្រពន្ធច្រើនជាងគេលើលោក។

លោក ហ្ស៉ីអូណា ចាណា (Ziona Chana) មានទីលំនៅនៅឯរដ្ឋមីហ្សូរ៉ាម (Mizoram) ភាគឦសាននៃប្រទេសឥណ្ឌា មានប្រពន្ធសរុប ៣៩ នាក់ និងមានកូនសរុប ៩៤ នាក់ ព្រមទាំងចៅចំនួន ៣៣នាក់ទៀតដែរ។ លោក ចាណា គឺជាមេដឹកនាំនៃនិកាយសាសនាមួយឈ្មោះថា ចាណាផល (Chana Pawl) ដែលត្រូវបានបង្កើតឡើងដោយឪពុកលោកតាំងតែពីឆ្នាំគ្រិស្ដសករាជ១៩៤២។

និកាយសាសនានេះមានសមាជិកប្រមាណ ២,០០០ នាក់ ដែលភាគច្រើនរស់នៅក្នុងភូមិបាក់តាវ៉ាង (Baktawang) នៃរដ្ឋមីហ្សូរ៉ាម។ សមាជិកនៃនិកាយសាសនាចាណាផលអនុវត្តនូវគោលការណ៍ពហុពន្ធភាព ដែលអនុញ្ញាតឲ្យមានប្តី ឬប្រពន្ធច្រើនបាន។ លោក ហ្ស៉ីអូណា ចាណា បានរៀបការជាមួយប្រពន្ធដំបូងបង្អស់របស់លោកកាលពីឆ្នាំ១៩៥៩ នៅពេលលោកមានអាយុត្រឹម ១៧ ឆ្នាំប៉ុណ្ណោះ ហើយប្រពន្ធដំបូងគេនេះគឺជាអ្នកគ្រប់គ្រងប្រពន្ធក្រោយៗ និងការងារផ្សេងៗនៅក្នុងផ្ទះ។

ពេលមួយនោះ លោកបានរៀបការប្រពន្ធក្នុងមួយឆ្នាំដល់ទៅ១០នាក់ឯណោះ។ លោក ចាណា បានរៀបការប្រពន្ធចុងក្រោយបង្អស់ គឺទី៣៩ កាលពីឆ្នាំ២០០៤ ដែលមានអាយុ២៥ឆ្នាំ។ គ្រួសារដ៏ធំរបស់លោករស់នៅក្នុងផ្ទះធំមួយខ្នងកម្ពស់ ៤ ជាន់ ដែលមានបន្ទប់សរុបចំនួន ១០០ បន្ទប់ ហើយប្រពន្ធទាំងអស់របស់លោកស្នាក់នៅក្នុងបន្ទប់រួមធំមួយ ដែលនៅជាប់បន្ទប់ផ្ទាល់ខ្លួនរបស់លោក។

តាមពិតទៅ ច្បាប់នៅក្នុងប្រទេសឥណ្ឌាមិនអនុញ្ញាតឲ្យអនុវត្តពហុពន្ធភាព ឬមានប្តីច្រើន ឬប្រពន្ធច្រើននោះឡើយ ប៉ុន្តែអាជ្ញាធរឥណ្ឌានៅតាមរដ្ឋមួយចំនួន ជាពិសេសនៅប៉ែកឦសានប្រទេសបានអនុញ្ញាតឲ្យកុលសម្ព័ន្ធ ឬនិកាយសាសនាខ្លះប្រកាន់ប្រពៃណីបែបនេះទៅតាមទំនៀមទម្លាប់ពួកគេ។

យ៉ាងណាមិញ លោក ហ្ស៉ីអូណា ចាណា ទើបតែបានទទួលមរណភាពកាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ក្នុងជន្មាយុ ៧៦ ឆ្នាំ ដោយបន្សល់ទុកនូវមហាគ្រួសារដ៏ធំបំផុតមួយលើលោក៕