(ភ្នំពេញ)៖ ការប្រកួតកីឡាអេឡិចត្រូនិក(E-Sports) លក្ខណៈអាជីពលើកដំបូងនៅកម្ពុជា នឹងលេចរូបរាងនាខែសីហាខាងមុខហើយ គឺការប្រកួតវិញ្ញាសា Mobile Legends: Bang Bang ជ្រើសរើសជើងឯកលីគ Professional Leauge Cambodia 2021។

ព្រឹត្តិការណ៍ MPL Cambodia 2021 រៀបចំដោយក្រុមហ៊ុន Moonton សហកាជាមួយក្រុមហ៊ុនទូរសព្ទ Smart ដោយទទួលបានការគាំទ្រពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យកីឡាករកម្ពុជាបានចូលរួម និងបញ្ចេញសមត្ថភាព ក្នុងការប្រកួតវិញ្ញាសាអន្ដរជាតិនេះ ក៏ដូចជាចូលរួមអភិវឌ្ឍវិស័យកីឡា E-Sports កម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ។

ជុំវិញការប្រកួតលីគអាជីពលើកដំបូងនៅកម្ពុជានេះដែរ ស្របពេលវិស័យកីឡាអេឡិចត្រូនិកកម្ពុជាបច្ចុប្បន្ន កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ដូច្នេះក្នុងការប្រកួត MPL Cambodia 2021 នឹងប្រមូលផ្តុំដោយក្រុមខ្លាំងៗ និងកីឡាករឆ្នើមៗទូទាំងប្រទេស ដែលនិយមចិត្តប្រភេទកីឡាអេឡិចត្រូនិកចូលរួមប្រកួត ដើម្បីបង្ហាញសមត្ថភាព និងអភិវឌ្ឍសមត្ថភាពខ្លួនកាន់តែល្អប្រសើរ។

តាមការបញ្ជាក់របស់គណៈកម្មការរៀបចំ បានឲ្យដឹងថា ការប្រកួតនេះនឹងប្រព្រឹត្តទៅ ៣ដំណាក់កាល ទី១-ការប្រកួតជម្រុះ ដែលនឹងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែសីហា។ បន្ទាប់ពីរកបានក្រុមគ្រប់តាមតម្រូវការហើយ នឹងបន្ដប្រកួតវគ្គសន្សំពិន្ទុទៀងទាត់ចាប់ពីថ្ងៃ២៨ ខែសីហា ដល់ថ្ងៃទី១៩ ខែកញ្ញា និងប្រកួតវគ្គខ្វែងស្វែងរកបេក្ខភាពវគ្គផ្តាច់ព្រ័ត្រចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។

សម្រាប់ក្រុមដណ្ដើមបានជើងឯកវិញ នឹងទទួលបានប្រាក់រង្វាន់ដ៏ច្រើន ហើយនឹងក្លាយជាក្រុមតំណាងកម្ពុជាចូលរួមប្រកួតលក្ខណៈអន្តរជាតិនាពេលខាងមុខ។ អ្វីដែលពិសេស ព្រឹត្តិការណ៍នេះ នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តល់ឱកាសឲ្យអត្តពលិកអេឡិចត្រូនិកកម្ពុជាគ្រប់ក្រុមទាំងអស់ទទួលបានឱកាសបង្ហាញសមត្ថភាពពិតប្រាកដក្នុងការប្រកួតលក្ខណៈអាជីព ដើម្បីអភិវឌ្ឍជំនាញ និងសមត្ថភាពកម្រិតខ្ពស់៕