(ញូដេលី)៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានសម្រេចហាមឃាត់កម្មវិធីទូរស័ព្ទដៃរបស់ចិនចំនួន ៥៨កាលពីឆ្នាំ២០២០ ដោយបារម្ភពី បញ្ហា សុវត្ថិភាព និងសន្តិសុខជាតិ ចំពេលដែលឥណ្ឌា និងចិនបានកើតមានភាពល្អក់កករនឹងគ្នាដោយសារជម្លោះព្រំដែន ហើយក្នុង ចំណោម កម្មវិធីទាំងនោះក៏មាន TikTok មួយផងដែរ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន India Publications នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok គ្រោងឈានជើងចូលទីផ្សារឥណ្ឌាម្ដងទៀត ប៉ុន្តែក្នុងនាមជាក្រុមហ៊ុនថ្មី ពោលគឺប្ដូរឈ្មោះពី TikTok មកជា TickTock វិញ។

យោងតាមប្រភពពីមន្ត្រីឥណ្ឌាមួយរូបបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន ByteDance បាននិងកំពុងតែរត់ការស្នើសុំច្បាប់សម្រាប់បើកក្រុមហ៊ុន និងដាក់ឱ្យប្រើប្រាស់កម្មវិធី TickTock នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែគេនៅមិនទាន់ដឹងថា សំណើមួយនេះត្រូវបានអនុញ្ញាត ឬយ៉ាងណានោះទេ ដោយហេតុថា TikTok ឬ TickTock គឺនៅតែជាកម្មសិទ្ធិរបស់ ByteDance ដែលជាក្រុមហ៊ុនដដែល។

គួរបញ្ជាក់ផងដែរថា កម្មវិធី TikTok មានអ្នកប្រើប្រាស់នៅឥណ្ឌារៀងរាល់ខែចំនួន ២០០លាននាក់ និងមានបុគ្គលិកប្រមាណ ២០០០នាក់ ៕