(ហូជីមីញ)៖ ពានរង្វាន់សហគ្រិនវ័យក្មេងអាស៊ានប្រចាំឆ្នាំ ដែលរៀបចំឡើង Business Media Group បានប្រកាសឈ្មោះ អ្នកឈ្នះជាផ្លូវការហើយ។

លោក Darren Yaw Foo Hoe មកពីក្រុមហ៊ុន Guardian Toys ដែលផលិតប្រដាប់ក្មេងលេងបែបអប់រំផ្តោតសំខាន់លើមុខវិជ្ជា STEM បានឈ្នះពានរង្វាន់សហគ្រិនវ័យក្មេងប្រចាំឆ្នាំ ២០២១ ប្រចាំអាស៊ាន។

កម្មវិធីពានរង្វាន់ សហគ្រិនវ័យក្មេងនេះ ទទួលស្គាល់អ្នកដឹកនាំអាជីវកម្មវ័យក្មេង ឆ្នើមៗជាច្រើន ដែលមានចក្ខុវិស័យ គំនិតច្នៃប្រឌិត និងការបង្កើតថ្មី របស់ពួកគេ មានឥទ្ធិពលគួរឱ្យកត់សម្គាល់ក្នុងឆ្នាំកន្លងមក។

លោក Darren Yaw Foo Hoe ត្រូវបានជ្រើសរើស ដោយគណៈវិនិច្ឆ័យឯករាជ្យច្រើនរូប មកពីវិស័យផ្សេងៗគ្នា រួមមានវិស័យហិរញ្ញវត្ថុ ធុរកិច្ច សហគ្រាសសង្គម និងស្ថាប័នមិនរកប្រាក់ចំណេញ ជាដើម។

ម្ចាស់ជ័យលាភីទាំងអស់នឹងត្រូវប្រកាសឈ្មោះជាផ្លូវការ តាមរយៈកម្មវិធីតាមប្រព័ន្ធអនឡាញ នៅខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។ ក្នុងនោះដែរ លោក Darren Yaw Foo Hoe នឹងក្លាយជាសមាជិកមួយរូប ពេញមួយជីវិត របស់ក្រុមបុគ្គលឆ្នើម ដែលជាម្ចាស់ជ័យលាភីឆ្នាំមុនៗផ្សេងទៀត មកពីជុំវិញតំបន់។

លោក Darren Yaw Foo Hoe ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Guardian Toys បានថ្លែងថា «ការជាប់ឈ្មោះជាសហគ្រិនវ័យក្មេងប្រចាំឆ្នាំ ២០២១ នេះ សបញ្ជាក់ពីការលះបង់ របស់ក្រុមការងារ Guardian ទាំងមូល»

លោកបានបន្ថែមទៀតថា «បេសកកម្មរបស់យើង តែងតែចង់បង្កើតឲ្យមានការផ្លាស់ប្តូរនៅក្នុងជីវិត របស់កុមារ តាមរយៈការបង្កើតប្រដាប់ក្មេងលេង ដែលជួយជំរុញ ដល់ការអប់រំរបស់ពួកគេ។ ហើយយើងមានមោទនភាពខ្លាំងណាស់ ដែលជោគជ័យការងាររបស់យើងកន្លងមក ត្រូវបានទទួលស្គាល់ តាមរយៈការតែងតាំងសម្រាប់ពានរង្វាន់ ដ៏មានតម្លៃមួយនេះ»

កម្មវិធីសហគ្រិនអាស៊ានប្រចាំឆ្នាំ ២០២១ គឺជាការប្រកួតប្រជែងថ្នាក់តំបន់ ដ៏សំខាន់មួយ ក្នុងចំណោមសហគ្រិន និងអ្នកដឹកនាំអាជីវកម្ម លេចធ្លោថ្មីៗ។ លក្ខខណ្ឌទាំងប្រាំមួយ សម្រាប់វិនិច្ឆ័យ បេក្ខជនជាប់ឈ្មោះ រួមមាន៖ ភាពជាអ្នកដឹកនាំ ការគ្រប់គ្រង គំនិតច្នៃប្រឌិត និងការបង្កើតថ្មី លទ្ធផល ហិរញ្ញវត្ថុ ការបម្រើប្រយោជន៍សង្គម ការគ្រប់គ្រងនិងការអភិវឌ្ឍស្ថាប័ន និងជាចុងក្រោយគឺ ផែនការអនាគតសម្រាប់ការរីកលូតលាស់។

ចាប់តាំងពីការបង្កើតមកកម្មវិធីនេះ បានពង្រីកការជ្រើសរើសរបស់ខ្លួន នៅក្នុងទីក្រុងចំនួន២៥ ក្នុងចំនោម ៥ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន ប្រទេស សិង្ហបុរី កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។ អ្នកឈ្នះពានរង្វាន់ថ្នាក់ជាតិ នឹងត្រូវបានចាត់ចូលដោយស្វ័យប្រវត្តិ ជាបេក្ខជនសម្រាប់ពានរង្វាន់សហគ្រិនអាស៊ាន ប្រចាំឆ្នាំ ២០២១។

ទន្ទឹមនឹងនេះ លោក Darren Yaw Foo Hoe កំពុងតែត្រៀមខ្លួន ដើម្បីប្រកួតប្រជែងនៅក្នុងកម្មវិធីសហគ្រិនវ័យក្មេងអាស៊ីដំបូងគេ នៅឆ្នាំ២០២២ ខាងមុខនេះ។

លោក Martin Carvalho នាយកប្រតិបត្តិនៃ Business Media Group បាននិយាយថា «ពីមួយឆ្នាំទៅមួយឆ្នាំ ពានរង្វាន់សហគ្រិនអាស៊ានប្រចាំឆ្នាំ ២០២១នេះ ទទួលបានជោគជ័យ កាន់តែខ្លាំងឡើង។ ហើយនេះគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការកើនឡើងនៃរលកទេពកោសល្យថ្មី ចេញពីតំបន់ [អាស៊ាន] ជារៀងរាល់ឆ្នាំ។ យើងខ្ញុំមានកិត្តិយសក្នុងការសាទរ អ្នកមានទេពកោសល្យខ្ពស់ ដូចជាលោក Darren Yaw Foo Hoe និងសូមស្វាគមន៍ក្រុមអ្នកផ្លាស់ប្តូរ ជំនាន់ថ្មី ក៏ដូចជាអ្នកដឹកនាំ វ័យក្មេងទាំងអស់ ចូលមកក្នុងកម្មវិធីយើង»

លោក Darren Yaw Foo Hoe ជឿជាក់ថា «អារម្មណ៍របស់កុមារគឺសំខាន់»។ ហេតុនេះ ក្រុមហ៊ុនរបស់លោក បានខិតខំប្រឹងប្រែង ដើម្បីជំរុញភាពច្នៃប្រឌិត និងការបង្កើតថ្មីៗ សម្រាប់កុមារ។ ការប្តេជ្ញាចិត្តឥតឈប់ឈរ និងចក្ខុវិស័យប្រកបដោយភាពច្នៃប្រឌិតគ្មានដែនកំណត់ របស់លោក Darren Yaw Foo Hoe បានធ្វើឲ្យគាត់មើលឃើញពីតម្រូវការឧបករណ៍អប់រំ ដែលប្រសើរ លំដាប់ថ្នាក់ពិភពលោក សម្រាប់កុមារថ្នាក់បឋមសិក្សា សម្រាប់មុខវិជ្ជាSTEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)។

ក្នុងនាមជាឪពុកម្តាយវ័យក្មេងមួយគូ លោក Darren Yaw Foo Hoe និងភរិយារបស់ខ្លួន បានចាប់ផ្តើមបង្កើតសម្ភារៈលេងរបស់កុមារ ឈ្មោះថា Guardian Toys នៅឆ្នាំ ២០១៧ ក្រោយពីពួកគេបានមើលឃើញដោយផ្ទាល់ ពីចន្លោះខ្វះខាតនៅក្នុងទីផ្សារ ។

ចាប់តាំងពីពេលនោះមក ពួកគាត់បានពង្រីកក្រុមហ៊ុនរបស់ខ្លួន ផ្តើមពីការមានបុគ្គលិកត្រឹមតែ ៣នាក់ រហូតទៅដល់ ២០ នាក់។ ម្ចាស់ក្រុមហ៊ុនរូបនេះ បានបង្កើតអាជីវកម្ម ដោយយកចិត្តទុកដាក់ខ្ពស់ ចំពោះសហគមន៍ ក្នុងនោះរាប់បញ្ចូល ទាំងបុគ្គលិកគ្រប់រូប ដៃគូរសហការ និងអតិថិជនរបស់ខ្លួន។

ហេតុនេះ លោក Darren Yaw Foo Hoe បានបង្កើតក្រុមការងារ ដែលមានភាពចម្រុះ និងភាពជាអ្នកដឹកនាំខ្ពស់ ជាពិសេសមានគោលដៅរួម ក្នុងការផលិតប្រដាប់ប្រដារក្មេងលេង ដែលមានគុណភាពខ្ពស់ ប្រកបដោយសុចរិតភាព ដើម្បីគុណភាព និងលទ្ធភាពក្នុងការទទួល បានការអប់រំ។

កាលពីឆ្នាំ ២០២០កន្លងមកនេះ នៅពេលដែលមានជំងឺឆ្លងរាតត្បាតជាសកល បានវាយលុកនៅក្នុងតំបន់ ក្រុមហ៊ុនរបស់លោកបានសំរេចចិត្ត បើកសេវាកម្មជាវប្រចាំខែ ជាកម្មវិធីផ្តោតលើសកម្មភាពច្នៃប្រឌិត ដែលទាក់ទងនឹងប្រធានបទ STEM សម្រាប់កុមារចាប់ពីអាយុ ៣ ឆ្នាំដល់ ១២ ឆ្នាំ។

លោក Darren Yaw Foo Hoe ពន្យល់អំពីយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនថា «ការលើកទឹកចិត្តឲ្យកុមារ មានការចូលរួមនិង លេងជាមួយឧបករណ៍ ដែលលំនាំតាមឧបករណ៍វិទ្យាសាស្ត្រពិតប្រាកដ អាចជួយឱ្យពួកគេមានគំនិតចង់ដឹង ចង់យល់ពីវិស័យផ្សេងទៀតដូចជា មនុស្សយន្តជាដើម»

សេវាកម្មនៃការជាវជាប្រចាំខែនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីការលក់តាមរយៈអនឡាញ លើគេហទំព័រផ្លូវការរបស់ខ្លួន និងលក់តាមបណ្តាញពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិកត្រូនិកផ្សេងទៀត ធ្វើឱ្យការលក់កើនឡើងរហូតដល់ ៤០% ក្នុងរយៈពេលមួយឆ្នាំ។

លោកថា «កំណើននៃការលក់នេះ បានធ្វើឲ្យយើងដឹងកាន់ច្បាស់ថា ពួកយើងមានឱកាស ក្នុងការបម្រើសេចក្តីត្រូវការរបស់ឪពុកម្តាយ និងកុមារ។ ហើយយើងមានសំណាងណាស់ ដែលផលិតផលរបស់យើង អាចបានផ្តល់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់»

ក្រុមហ៊ុនមួយនេះ មានគម្រោងនឹងពង្រីកទីផ្សាររបស់ខ្លួន ទៅកាន់ប្រទេស ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងកម្ពុជា នៅពេលឆាប់ៗខាងមុខនេះ។

ជាចុងក្រោយ លោក Darren Yaw Foo Hoe នាយកប្រតិបត្តិនៃ Guardian Toys បានបញ្ជាក់ទៀតថា «យើងធានាថា រាល់ផលិតរបស់យើង គឺបង្ហាញពីជំនឿជឿជាក់ និងការប្រកាន់ខ្ជាប់នូវស្តង់ដារគុណភាពផលិតផលខ្ពស់។ សេវាកម្មអតិថិជនតែងតែជាអាទិភាពទីមួយរបស់យើង។ សម្ធិផលទាំងនេះ គ្រាន់តែជាការចាប់ផ្តើមរួមគ្នា ប៉ុណ្ណោះ ហើយនៅមានអ្វីពិសេសៗជាច្រើនទៀត ដែលយើងនឹងផ្តល់ជូននៅថ្ងៃខាងមុខ»