(ឡុងដ៏)៖ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min បានព្រមព្រៀងបន្តកិច្ចសន្យាថ្មីបន្ថែមទៀតជាមួយក្លិបបាល់ទាត់ Tottenham Hotspur រយៈពេល ៤ឆ្នាំរហូតដល់ឆ្នាំ២០២៥ ដែលស្ថិតក្នុងក្របខណ្ឌលីគអង់គ្លេស Premier League ខណៈនេះជាកិច្ចព្រមព្រៀងថ្មីមួយ បន្ទាប់ពីលោកត្រូវបានក្លិបនាំមកកាលឆ្នាំ២០១៥ ពីក្លិប Bayer Leverkusen របស់អាល្លឹម៉ង់។

Son ក្នុងរយៈពេលលេងជាមួយ Spurs រកបាន ១០៧គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួនសរុបបាន ២៨០ប្រកួតចាប់តាំងទិញពីក្លិប Bayer Leverkusen ក្នុងឆ្នាំ២០១៥ គ្រាដែលបច្ចុប្បន្នរូបគេជាកីឡាករជម្រើសជាតិកូរ៉េខាងត្បូង ដែលកំពុងលេងបាន ៩៣ប្រកួត និងរកបាន ២៧គ្រាប់ទាំងការបង្ហាញខ្លួននៅ World Cup បាន ២ដងផងដែរ។

ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះ ក៏បានបង្ហាញអារម្មណ៍ក្រោយចុះកិច្ចសន្យាថ្មីថា «ខ្ញុំពិតជារីករាយដែលនៅទីនេះ ហើយពិតជានឹងអាចឃើញអ្នកគាំទ្រម្តងទៀត និងជាកិត្តិយសណាស់ដែលបានលេងនៅទីនេះរយៈពេល ៦ឆ្នាំមកនេះ» ដោយនៅរដូវកាលមុន Son រកបាន ២២គ្រាប់ ក្នុងចំណោម ៥១ប្រកួតរបស់ក្លិបមាន់ខ្នាយមាសនេះគ្រប់កម្មវិធីប្រកួត នៅពេលដែលធ្លាប់រួមចំណែកជួយក្រុមឡើងរងជើងឯកពាន Champions League 2018-2019 ទៀតផង៕