(អាមេរិក)៖ ប្រៀបបាននឹងការលែងលះគ្នាដ៏លំបាកមួយ រវាងកំពូលតារាចម្រៀងរ៉េបអាមេរិក Dr.Dre និងអតីតភរិយា គឺ Nicole Young ដែលបានប្រើប្រាស់រយៈពេល ក្នុងតុលាការជាយូរមកហើយ។ តែយ៉ាងណានៅពេលនេះ បានឈានដល់ដំណោះស្រាយប្រសើរមួយ បន្ទាប់ពីតុលាការចេញសេចក្តីសម្រេចឲ្យ Dr.Dre មានកាតព្វកិច្ច ត្រូវបង់ប្រាក់ប្រចាំខែចំនួន៣០ម៉ឺនដុល្លារអាមេរិក ទៅដល់អតីតភរិយា សម្រាប់ការចំណាយផ្សេងៗ (Spousal Suppport)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Yahoo នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

បន្ទាប់ពីរៀបការ និងរួមរស់ជាមួយគ្នាអស់រយៈពេល២៤ឆ្នាំ តារាចម្រៀងរ៉េប Dr.Dre និងអតីតភរិយា គឺលោកស្រី Nicole Young បានសម្រេចចែកផ្លូវគ្នា តាមរយៈការលែងលះដល់តុលាការ។ រហូតមកទល់បច្ចុប្បន្ននេះ តុលាការបានសម្រេច ផ្តល់កាតព្វកិច្ចដល់ Dr.Dre ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភដល់អតីតភរិយា ចំនួន៣០ម៉ឺនដុល្លារអាមេរិក ជាប្រចាំខែ ដែលសរុបទៅប្រមាណជាង ៣.៥លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ ខណៈបច្ចុប្បន្នអតីតភរិយារបស់លោក មានកាតព្វកិច្ចបង់ថ្លែធានារ៉ាប់រងសុខភាព និងការចំណាយផ្សេងៗសម្រាប់ការស្នាក់នៅ។

បើតាមប្រភពបានឲ្យដឹងថា ប្រាក់ឧបត្ថម្ភដែល Dr.Dre ត្រូវផ្តល់ឲ្យភរិយាតាមការកំណត់របស់តុលាការ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែសីហានេះតទៅ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់លំអិតនោះទេ ថាតើការផ្តល់ប្រាក់ឧបត្ថម្ភនេះ មានរយៈពេលប៉ុន្មានឆ្នាំ ខណៈ Dr.Dre ក៏មិនទាន់មានការបញ្ជាក់ណាមួយពីករណីនេះដែរ។

គួរបញ្ជាក់ថា កំពូលតារាចម្រៀងរ៉េប Dr.Dre បច្ចុប្បន្នត្រូវបានគេប៉ាន់ស្មានថា មានប្រាក់សរុប៨២០លានដុល្លារអាមេរិក ដែលធ្វើឲ្យលោកក្លាយជាតារារ៉េប មានជាងគេបំផុតលំដាប់ទី៣ លើពិភពលោក៕