(ភ្នំពេញ)៖ សត្វខ្លាពពកមួយក្បាលដែលជាប់អន្ទាក់ក្នុងខេត្តកំពត បានស្លាប់ដោយសាររបួស។ កាលពីសប្តាហ៍មុនខ្លាពពកនេះ ត្រូវបានដោះចេញពីអន្ទាក់ នៅក្នុងស្រុកទឹកឈូ ហើយក្រោយមកបានទៅដល់ដៃប៉ូលីសមូលដ្ឋាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ។

ការស្លាប់របស់ខ្លាពពកនេះ គឺជាការបាត់បង់ប្រភេទសត្វដែលកំពុងមានចំនួនធ្លាក់ចុះនៅទូទាំងសកល។ ខ្លាពពក គឺជាប្រភេទសត្វឆ្មាព្រៃដ៏កម្រមួយ ដែលត្រូវបានគេរកឃើញនៅទូទាំងទ្វីបអាស៊ី រាប់ចាប់តាំងពីប្រទេសនេប៉ាល់ រហូតដល់ប្រទេសម៉ាឡេស៊ី។ យោងតាមការប៉ាន់ប្រមាណពីសហភាពអន្តរជាតិ នៃការអភិរក្សធម្មជាតិ (International Union of the Conservation of Nature (https://www.iucnredlist.org/) ស្ទើរតែមួយភាគបីនៃខ្លាពពក ត្រូវបានបាត់បង់ទូទាំងសកលលោក ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ ២០១៤។ តួលេខធ្លាក់ចុះនៃចំនួនសត្វនេះភាគច្រើន គឺបណ្តាលមកពីការបរបាញ់។

នៅប្រទេសកម្ពុជា មានសត្វខ្លាពពកតិចតួចណាស់ ដែលនៅបន្តមានជីវិត។ យោងតាមច្បាប់កម្ពុជាសត្វនេះជាប្រភេទសត្វកំពុងរងគ្រោះ ហើយការបរបាញ់ប្រភេទសត្វនេះគឺខុសច្បាប់។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា សត្វខ្លាពពកនេះត្រូវបានជាប់អន្ទាក់ប៉ុន្មានថ្ងៃនោះឡើយ។ បន្ទាប់មកអ្នកចាប់បាន ចងជើង ក្បាលនិងថ្គាមរបស់វាអស់រយៈពេលពីរថ្ងៃ មុនពេលប៉ូលីសមូលដ្ឋានបានទទួលដំណឹងអំពីសត្វនេះ និងចុះអន្តរាគមន៍ ។ មកដល់ពេលនោះខ្លាពពកទំនងជាមិនបានស៊ីអាហារ ឬផឹកទឹកអស់រយៈពេលមួយសប្តាហ៍ ឬយូរជាងនេះផង។ នៅថ្ងៃទី១៦ ខែកក្កដា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ទទួលបានដំណឹងអំពីខ្លាពពកនេះ ហើយក៏បានចុះទៅជួយ។

បើតាមលោក និក ម៉ាក នាយកកម្មវិធីសង្គ្រោះ និងថែទាំសត្វព្រៃ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបរិយាយអំពីស្ថានភាពមិនល្អរបស់សត្វខ្លាពពកនេះ ដែលជាសត្វឈ្មោល នៅក្មេងនៅឡើយ។ លោកបានបន្តថា «សត្វខ្លាពពកនេះខ្សោយខ្លាំង ហើយផ្អើលខ្លាំង» ។ សត្វនេះខ្សោយ មានរបួស និងខ្សោះជាតិទឹក ដោយសារមិនបានទទួលចំណីអាហារ និងទឹកអស់រយៈពេលយ៉ាងយូរ។

ខ្លាពពកមួយក្បាលនេះ ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលនៅទីនោះខ្លាពពកនេះ បានទទួលការថែទាំពីគ្រូពេទ្យជំនាញផ្នែកបសុព្យាបាល។ ការព្យាបាលទទួលបានជោគជ័យ តែគួរអនិច្ចា សត្វខ្លាពពក បានបាត់បង់ជីវិត ពីរថ្ងៃក្រោយមក។

លោក និក ម៉ាក បានគូសបញ្ជាក់ថា «រាល់សត្វដែលជាប់អន្ទាក់ ត្រូវការការព្យាបាលបន្ទាន់។ ខណៈពេលដែលមានការខិតខំប្រឹងប្រែង ដើម្បីជួយសង្គ្រោះខ្លាពពកនេះ ឱ្យបន្តរស់រានមានជីវិត ស្ថានភាពខ្សោយរបស់សត្វនេះបានបង្ហាញឲ្យដឹងថាការសង្គ្រោះគឺ មិនអាចទៅរួចឡើយ»។

ការស្លាប់របស់ខ្លាពពកមួយក្បាលនេះ ក៏ជាការក្រើនរំលឹកមួយផងដែរអំពីការគំរាមកំហែងនៃអន្ទាក់។ នៅក្នុងវីដេអូនាពេលថ្មីៗនេះ លោក ម៉ាក បានបរិយាយអំពីការស្លាប់របស់សត្វនេះថា «គឺដោយសារតែអន្ទាក់ ដែលត្រូវបានដាក់ពង្រាយពាសពេញព្រៃក្នុងប្រទេសកម្ពុជា»។

មិនមែនតែខ្លាពពកមួយប្រភេទទេដែលប្រឈមនឹងផលវិបាកដ៏អាក្រក់នៃអន្ទាក់។ កាលពីខែមុនអ្នកឡើងភ្នំបានរាយការណ៍អំពីសត្វខ្ទីងមួយក្បាលដែលរងរបួសនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មកកាន់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ សត្វខ្ទីងនោះបានបាត់បង់ផ្នែកមួយនៃជើងម្ខាងដោយសារអន្ទាក់ ហើយក៏បានស្លាប់ប៉ុន្មានសប្តាហ៍ក្រោយមក ដោយបានដេកដួលទៅលើដី គ្មានកម្លាំងកំហែងនៅលើភ្នំ។ គឺដូចគ្នានឹងខ្លាពពកនេះដែរ មិនថាការខិតខំប្រឹងប្រែងជួយខ្លាំងយ៉ាងណាក៏ដោយ ក៏ជាការហួសពេលទៅហើយ ក្នុងការជួយសង្គ្រោះសត្វខ្ទីងនោះ។ ការស្លាប់ទាំងនេះមិនមែនជារឿងចម្លែកទេ។

លោក ម៉ាក បានមានប្រសាសន៍ថា «សត្វដែលជាប់ ក្នុងអន្ទាក់ ភាគច្រើន ស្លាប់ដោយសារការរងរបួស»។ លោកបានបន្ថែមទៀតថា «សត្វទាំងនោះស្លាប់ដោយយឺតៗ និងឈឺចាប់បំផុត ដោយសារការជាប់ក្នុងអន្ទាក់ ឬដោយសារភាពពឺតផ្សារដោយមុខរបួស»។

លោក ម៉ាក បានមានប្រសាសន៍ថា «អន្ទាក់គឺជាការគំរាមកំហែងដល់សត្វព្រៃទាំងអស់ ពីព្រោះអន្ទាក់អាចសម្លាប់សត្វទាំងនោះដោយមិនរើសមុខ រួមទាំងប្រភេទសត្វដែលកំពុងរងការគំរាមកំហែងផងដែរ»។ នៅប្រទេសកម្ពុជា អន្ទាក់ចាប់យកសត្វជាច្រើនរួមទាំងប្រភេទសត្វដែលទទួលរងការគំរាមកំហែងដូចជាខ្លាពពកនេះជាដើម។ គឺជាការហួសពេលទៅហើយសម្រាប់សត្វមួយចំនួននៅកម្ពុជា។

អន្ទាក់ គឺជាមូលហេតុចម្បងនៃការបាត់បង់ សត្វព្រៃជាច្រើន រួមទាំងសត្វខ្លាធំផងដែរ។ នៅក្នុងព្រៃ នៃប្រទេសកម្ពុជាសព្វថ្ងៃ ខ្លាពពកត្រូវបានគេ គិតថាជាសត្វឆ្មាព្រៃ ដែលនៅសេសសល់ច្រើនជាងគេ។ ប៉ុន្តែសត្វទាំងនោះអាចជាប្រភេទសត្វបន្ទាប់ដែលនឹងត្រូវបាត់បង់។

បន្ថែមពីនេះលោក ម៉ាក បានមានប្រសាសន៍ថា ប្រសិនបើកម្រិតនៃការដាក់អន្ទាក់ នាពេលបច្ចុប្បន្ន នៅតែបន្តកើតមាន គឺជាឱកាសដ៏តិចតួចណាស់សម្រាប់សត្វព្រៃបន្តនៅសេសសល់។

ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងដល់សត្វព្រៃ អង្គការក្រៅរដ្ឋាភិបាលដែលមានបន្ទុកក្នុងការអភិរក្សធ្វើការជាមួយក្រសួងបរិស្ថាន ដើម្បីល្បាតព្រៃ និងដោះយកអន្ទាក់ចេញពីព្រៃ។ ឧទាហរណ៍ដូចជា អង្គការសម្ព័ន្ធមិត្តសត្វព្រៃ គាំទ្រដល់មន្ត្រីឧទ្យានុរក្សតំបន់ជួរភ្នំក្រវាញ ដែលការពារតំបន់ជួរភ្នំក្រវាញ។ កាលពីឆ្នាំមុនមន្ត្រីឧទ្យានុរក្សក្នុងតំបន់ការពារធម្មជាតិចំនួន៧ នៃតំបន់ជួរភ្នំក្រវាញ បានដោះអន្ទាក់បានចំនួន ២៥,៨៨៦អន្ទាក់៕