(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅព្រឹកថ្ងៃទី២៧ ខែកក្កដានេះ បានបង្ហាញសមាសភាពកីឡាករចំនួន ៣៦នាក់ ដែលត្រូវកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតពានរង្វាន់សំខាន់ៗចំនួន២ គឺវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នៅប្រទេសបារ៉ែន និងពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers នៅប្រទេសជប៉ុន។

ក្នុងនោះបញ្ជីឈ្មោះថ្មីនៃក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ លោក Keisuke Honda និងគ្រូបង្វឹកថ្មីលោក Ryu Hirose ដើម្បីត្រៀមការប្រកួតពានរង្វាន់ប្រចាំទ្វីបខាងលើ គេឃើញមានការផ្លាស់ប្ដូរកីឡាករថ្មីៗមួយចំនួនបើធៀបនឹងបញ្ជីឈ្មោះក្រុមគោព្រៃកម្ពុជា ដែលបានចូលរួមប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក នៅប្រទេសបារ៉ែនកាលពីខែមិថុនាកន្លងទៅ។

អ្វីដែលពិសេស គឺខ្សែប្រយុទ្ធដ៏មានប្រជាប្រិយ ចាន់ វឌ្ឍនាកា បានទទួលសេចក្ដីទុកចិត្តជាថ្មីពីលោក Honda ក្នុងការកោះហៅចូលរួមក្រុមជម្រើសជាតិឡើងវិញ បន្ទាប់ពីរូបគេបានខកខានអស់ជាច្រើនឆ្នាំ។ យ៉ាងណាមិញ វឌ្ឍនាកា អាចប្រកួតបានតែក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 ប៉ុណ្ណោះ ព្រោះអាយុគេលើស ២៣ឆ្នាំ មិនចូលរួមប្រកួត AFC U23 Asian Cup Uzbekistan 2022 បានឡើយ។

ក្នុងបញ្ជីឈ្មោះកីឡាករ ៣៦នាក់ដែលសហព័ន្ធកីឡាបាល់ទាតកម្ពុជា បានបង្ហាញនៅព្រឹកនេះ គឺត្រូវបានគ្រូបង្វឹកលោក Ryu Hirose ចម្រាញ់មកពីក្លិបចំនួន១០ រួមមានកីឡាករវិសាខា ៧រូប, ព្រៃវែង ៦រូប, បឹងកេត ៥រូប, ភ្នំពេញក្រោន ៤រូប, ព្រះខ័នរាជស្វាយរៀង ៤រូប, ណាហ្គាវើលដ៏ ៣រូប, កងយោធពលខេមរភូមិន្ទ ៣រូប, អង្គរថាយហ្គឺរ ២រូប, សូលទីអង្គរម្នាក់ និងសមាជិកក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីម្នាក់។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើដំណើរទៅបារ៉ែននាពេលខាងមុខ ដើម្បីធ្វើការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup China 2023 ជាមួយកោះហ្គាំ លើទឹកដីកណ្ដាលនេះនាថ្ងៃទី០៩ និងថ្ងៃទី១២ ខែតុលាខាងមុខ។ បន្ទាប់មកកីឡាករអាយុក្រោម ២៣ឆ្នាំ ដែលមានភារកិច្ចចូលរួមការប្រកួត AFC U23 Asian Cup Uzbekistan 2022-Qualifiers គ្រោងនឹងធ្វើដំណើរទៅជប៉ុនតែម្ដង ដើម្បីធ្វើការប្រកួតជម្រុះពូល K ជាមួយហុងកុងនាថ្ងៃទី២៣-តុលា និងជួបម្ចាស់ផ្ទះជប៉ុននាថ្ងៃទី២៦-តុលា ឆ្នាំ២០២១៕