(ប៉េកាំង)៖ ធនាគារកណ្តាលចិន បានប្រកាសជាផ្លូវការថា ចំពោះរាល់ប្រតិបត្តិការហិរញ្ញវត្ថុពាក់ព័ន្ធនឹងរូបិយប័ណ្ណឌីជីថល (cryptocurrencies) គឺសុទ្ធតែខុសច្បាប់ ព្រមទាំងបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការចាត់វិធានទប់ស្កាត់ និងការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ទៅលើប្រតិបត្តិការហិរញ្ញវត្ថុមួយនេះថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

តើហេតុអ្វីបានជាចិនហាមឃាត់ ឬចាត់ទុកប្រតិបត្តិការហិរញ្ញវត្ថុពាក់ព័ន្ធនឹងរូបិយប័ណ្ណឌីជីថលជាសកម្មភាពខុសច្បាប់?

ធនាគារប្រជាជនចិន (PBOC) បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា «រាល់សកម្មភាពអាជីវកម្ម ដែលទាក់ទងនឹងរូបិយប័ណ្ណឌីជីថល គឺសុទ្ធតែជាសកម្មភាពហិរញ្ញវត្ថុខុសច្បាប់»។ មិនត្រឹមតែប៉ុណ្ណោះធនាគារកណ្ដាលរបស់ចិនក៏បានព្រមានផងដែរថា ចំពោះជនណាដែលប្រព្រឹត្តល្មើសទៅនឹងបំរាមនេះ នឹងត្រូវរងការស៊ើបអង្កេតពីបទព្រហ្មទណ្ឌដោយអនុលោមទៅតាមច្បាប់នៃប្រទេសដែលបានកំណត់។

យោងតាមការពន្យល់របស់សារព័ត៌មាន Reuters បានឱ្យដឹងថា មូលហេតុដែលចិនហាមឃាត់ ឬចាត់ទុកប្រតិបត្តិការហិរញ្ញវត្ថុពាក់ព័ន្ធនឹងរូបិយប័ណ្ណឌីជីថលជាសកម្មភាពខុសច្បាប់គឺមានគោលបំណងការពារវិនិយោគិន និងទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ ជាពិសេសគឺទប់ស្កាត់ការឡើងចុះតម្លៃ និងការលាងលុយកខ្វក់។

PBOC បានលើកឡើងនៅក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការជួញដូរ និងការប្រែប្រួលឡើងចុះនៃតម្លៃរូបិយប័ណ្ណឌីជីថល Bitcoin និងរូបិយប័ណ្ណឌីជីថលផ្សេងទៀត គឺមានភាពផុសផុលយ៉ាងខ្លាំង ដែលជាហេតុធ្វើឱ្យមានភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានធ្វើឱ្យកើនឡើងនូវការលាងលុយកខ្វក់ ការរៃអង្គាសមូលនិធិខុសច្បាប់ ការឆបោក គំរូអាជីវកម្មបោកប្រាស់ (Pyramid Scheme) និងសកម្មភាពខុសច្បាប់ផ្សេងៗទៀត។

យោងតាមការចេញផ្សាយរបស់ Reuters បានឱ្យដឹងថា នៅមុនពេលធនាគារកណ្ដាលចេញសេចក្ដីប្រកាសនេះគឺមានខេត្តមួយចំនួនរបស់ប្រទេសចិន បានហាមឃាត់រួចទៅហើយ នូវប្រតិបត្តិការរូបិយប័ណ្ណឌីជីថលចាប់តាំងពីដើមឆ្នាំនេះ និងកាលពីខែមិថុនាកន្លងទៅនេះ មានមនុស្សជាង១០០០នាក់ត្រូវបានចាប់ខ្លួន ពីបទប្រើប្រាស់ប្រាក់ចំណេញ ដែលទទួលបានពីអំពើឧក្រិដ្ឋកម្ម ដើម្បីទិញរូបិយប័ណ្ណឌីជីថល ដែលជាការបង្វែងដាន ឬលាងលុយកខ្វក់៕