(អង់គ្លេស)៖ នៅទីបំផុត តារាសម្តែងល្បីឈ្មោះរបស់អង់គ្លេស វ័យ៥៣ឆ្នាំ លោក Daniel Craig ត្រូវបានតែងតាំងជាផ្លូវការ ក្នុងតំណែងជាមេបញ្ជាការកិត្តិយស កងទ័ពជើងទឹករបស់អង់គ្លេស ខណៈការទទួលបានតំណែងមួយនេះ បន្ទាប់ពីលោក Daniel Craig បានសម្តែងជាតួអង្គមេបញ្ជាការក្នុងរឿង «James Bond» អស់រយៈពេល១៥ឆ្នាំមកហើយ។

ទស្សនិកជនដែលនិយមតាមដានភាពយន្ត «James Bond» ពិតជាបានជ្រាបហើយថា តារាសម្តែង Daniel Craig បានប្រើប្រាស់ពេលវេលាប្រមាណ១៥ឆ្នាំមកហើយ ក្នុងការសម្តែងជាតួអង្គមេបញ្ជាការ តាមរយៈការដើរតួជាតួអង្គ James Bond ដោយភាពយន្តដំបូង គឺមានចំណងជើងថា «Casino Royale» ចេញឆ្នាំ២០០៦ នៃការដើរតួជា James Bond របស់លោក។ ដោយឡែក Daniel Craig បានដើរតួអង្គនេះជាលើកចុងក្រោយក្នុងរឿងស៊េរីថ្មី គឺ «No Time To Die» ដែលនឹងបញ្ចេញក្នុងពេលឆាប់ៗនេះ។

ថ្មីៗនេះ ក្រោយទទួលបានការតែងតាំងជាផ្លូវការសម្រាប់មុខតំណែងជាមេបញ្ជាការកិត្តិយស ក្នុងកងទ័ពជើងទឹកអង់គ្លេសជាផ្លូវការ គេឃើញមានរូបភាពប៉ុន្មានសន្លឹករបស់ Daniel Craig ក្នុងសម្លៀកបំពាក់ឯកសណ្ឋានកងទ័ពជើងទឹក ឈរថតជាមួយឧត្តមនាវីឯក លោក Tony Rakadin (ថូនី រ៉ាកាឌីន)។

គួរជម្រាបថា ស្នាដៃជាតួអង្គ James Bond ចុងក្រោយរបស់លោក Daniel Craig ក្នុងរឿង «No Time To Die» គឺនឹងត្រូវបញ្ចាំងទូទាំងពិភពលោកចាប់ពីថ្ងៃទី២៨ ខែកញ្ញា ស្អែកនេះតទៅ បន្ទាប់ពីរឿងនេះត្រូវបានពន្យារពេលចាក់បញ្ចាំងជាច្រើនលើក ដោយសារតែវិបត្តិកូវីដ-១៩៕