(អាមេរិក)៖ ក្រុមហ៊ុន Facebook បានចេញសេចក្ដីថ្លែងការមួយ ដោយច្រានចោលរបាយការណ៍របស់ស្រាវជ្រាវរបស់កាសែត The Wall Street Journal (WSJ) ដែលបានលើកឡើងថា បណ្ដាញសង្គម Instagram គឺបានបំពុលដល់ក្មេងជំទង់ និងយុវវ័យ។ នេះបើយោងតាមការចេញផ្សាយ របស់ សារព័ត៌មាន The Verge នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

លោក Pratiti Raychoudhury អគ្គនាយក និងជាប្រធានស្រាវជ្រាវរបស់បណ្ដាញសង្គម Facebook បានលើកឡើងថា កាសែត WSJ បានធ្វើការស្រាវជ្រាវដោយប្រើប្រាស់ក្រុមការងារផ្ទៃក្នុងរបស់ខ្លួន ហើយលទ្ធផលដែលបង្ហាញមកនោះគឺ «មិនត្រឹមត្រូវ» នោះទេ ពោលគឺទិន្នន័យមិនអាចយកជាផ្លូវការបាន។

កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ WSJ បានចេញផ្សាយនូវអត្ថបទមួយដែល បង្ហាញពី របាយការណ៍ ស្រាវជ្រាវពាក់ព័ន្ធនឹងការប្រើប្រាស់បណ្ដាញសង្គម Instagram ដោយបានបង្ហាញថា កម្មវិធីមួយនេះបានឥទ្ធិពលអាក្រក់ខ្លាំង ដល់យុវវ័យ ជាពិសេសគឺក្មេងជំទង់។ កាសែតមួយនេះក៏បានសង្កត់ធ្ងន់ផងដែរថា បញ្ហានេះខាងក្រុមហ៊ុន Facebook ក៏បានដឹងផងដែរ ប៉ុន្តែមិនបាន ស្វែងរក ដំណោះស្រាយឱ្យអស់ពីលទ្ធភាព ឬខំប្រឹងដោះស្រាយវានោះទេ ហើយក៏មិនបង្ហាញវាជាសាធារណៈផងដែរ។

បញ្ហាដែល WSJ បានរកឃើញនោះគឺមានឈ្មោះថា «Body image issues» ដែលវាជាបញ្ហាធ្ងន់ធ្ងរព្រោះថា បើសិនជា មនុស្សណាម្នាក់កើតមានបញ្ហានេះហើយ នោះពួកគេអាចនឹងឈានទៅដល់កើតមាន ជំងឺផ្សេងៗដូចជា ជំងឺបាក់ទឹកចិត្ត, ថប់អារម្មណ៍, ចាប់ខឹង ឆេវឆាវ និងជំងឺស្អប់ខ្លួនឯង៕