(ភ្នំពេញ)៖ ក្រុមបាល់ទាត់វិសាខា បានប្រកាសតែងតាំងគ្រូជំនួយលោក Tunji Ayoyinka Akeeb គឺជាគ្រូបង្គោលស្ដីទី ដើម្បីដឹកនាំក្រុមជាបណ្ដោះអាសន្នរហូតដល់ចប់រដូវកាល ជំនួសកៅអីគ្រូបង្វឹកសញ្ជាតិអៀរឡង់ លោក Colum Curtis ដែលក្លិបបានប្រកាសចែកផ្លូវពីម្សិលមិញ។

នេះគឺជាលើកទី២ ហើយដែលលោក Tunji Ayoyinka ត្រូវបានតែងតាំងជាគ្រូស្ដីទី ដ្បិតគេចាំបានថា ក្រោយវិសាខាចែកផ្លូវជាមួយលោក ហុក សុជីវ័ន្ដ កាលពីពាក់កណ្ដាលឆ្នាំ២០១៩ ក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នេះ ក៏បានផ្ដល់ទំនុកចិត្តឲ្យគ្រូបង្វឹកសញ្ជាតិនីហ្សេរីយ៉ារូបនេះ ដឹកនាំក្រុមជាបណ្ដោះអាសន្នដែរ។

វិសាខា បានជូនដំណឹងនៅព្រឹកនេះថា «លោក Tunji Ayoyinka បានចូលរួមជាមួយពួកយើងជាច្រើនឆ្នាំមកហើយ ពិសេសគ្រូបង្វឹកកាន់សញ្ញាបត្រ B-License រូបនេះ ក៏ធ្លាប់ដឹកនាំក្លិបកីឡាបាល់ទាត់វិសាខា របស់យើងក្នុងនាមគ្រូបង្គោលស្ដីទីម្ដងរួចមកហើយកាលពីឆ្នាំ២០១៩។ អាស្រ័យហេតុនេះ ថ្នាក់ដឹកនាំក្លិបរបស់យើង ក៏សម្រេចផ្ដល់សេចក្ដីទុកចិត្តឲ្យលោកដឹកនាំក្រុមបន្ដ សម្រាប់ការប្រកួតសេសសល់ក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ ក៏ដូចជាការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ជាតិ) ឆ្នាំ២០២១ នេះផងដែរ»

គួរដឹងថា ក្រោយវិវឌ្ឍន៍ខ្លួនឡើងមកលីគកំពូលកម្ពុជា កាលពីឆ្នាំ២០១៨ រហូតមកទល់បច្ចុប្បន្ន ក្លិបសម្បូរដោយធនធានកីឡាករជម្រើសជាតិ វិសាខា បានធ្វើការផ្លាស់ប្ដូរគ្រូបង្គោលចំនួន ២លើក ទី១-លោក ហុក សុជីវ័ន្ដ ពីឆ្នាំ២០១៧-២០១៩ និងទី២-លោក Colum Curtis ដឹកនាំក្រុមកាលពីឆ្នាំ២០២០ កន្លងមក៕