(ឡុងដ៏)៖ កីឡាករសញ្ជាតិអង់គ្លេស Lewis Hamilton ធ្វើបាន ២៥ពិន្ទុក្នុងការប្រណាំងរថយន្ត Formula 1 នៃព្រឹត្តិការណ៍ Russia Grand Prix 2021 ដែលរូបគេដណ្តើមបានពានរង្វាន់នេះជាលើកទី៤ ក្នុងអាជីព ហើយក៏ជាជ័យជម្នះលើកទី១០០ នៃអាជីពជាកីឡាករប្រណាំងរថយន្តល្បឿនលឿនមួយប្រភេទនេះ ខណៈលោកបានបន្តបង្កើតកំណត់ត្រាថ្មី បន្ទាប់ពីលោក Michael Schumacher ធ្វើបានជ័យជម្នះត្រឹម ៩១លើកប៉ុណ្ណោះ។

ការប្រកួតបានបញ្ចប់កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅប្រទេរុស្ស៊ី អ្នកប្រណាំងឆ្នើម Lewis ដែលបើកឲ្យក្រុម Mercedes ស្ថិតក្នុងការប្រជែងជុំផ្តាច់ព្រ័ត្របានយកឈ្នះគូប្រជែង Max Verstappen ដែលធ្វើបាន ១៨ពិន្ទុដែលបើកឲ្យក្រុមប្រណាំង Red Bull ហើយលេខ ៣ធ្វើបានដោយ Carlos Saniz Jr. ដែលបើកឲ្យក្រុម Ferrari រកបានត្រឹម ១៥ពិន្ទុ នៅពេលដែលអ្នកប្រណាំងរួមសញ្ជាតិអង់គ្លេស វ័យ ២១ឆ្នាំ Lando Norris បញ្ចប់ចំណាត់ថ្នាក់លេខ៧ នាមជាអ្នកបើកឲ្យក្រុម McLaren។

គួរបញ្ជាក់ផងថា នេះជាការប្រកួតប្រណាំងរថយន្ត Formula 1 រដូវកាលឆ្នាំ២០២១ ដែលមាន ២៣កម្មវិធីប្រកួតនាបណ្តាប្រទេសជាសមាជិក F1 នៅពេលដែលការប្រកួតរដូវកាលនេះ Lewis Hamilton ឈ្នះបាន ៥កម្មវិធីមាននៅបារ៉ែន, ព័រទុយហ្គាល់, អេស្ប៉ាញ, អង់គ្លេស និងរុស្ស៊ី គ្រាដែលគូប្រជែង Max Verstappen ឈ្នះដល់ទៅ ៧កម្មវិធីមាននៅអ៉ីតាលី, ម៉ូណាកូ, បារាំង, អូទ្រីស ២លើក, ប៊ែលហ្ស៊ិក និងនៅហូឡង់ ខណៈការប្រកួតនៅសល់ ៧កម្មវិធីទៀតត្រូវបញ្ចប់រដូវកាលនេះ៕