(ភ្នំពេញ)៖ ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» បានឧបត្ថម្ភម៉ូតូឌ្រីមសង់មួយគ្រឿងស៊េរី ឆ្នាំ២០២១ ជូនដល់អតីតកីឡាករប្រដាល់ ជា ស្រួច ដើម្បីយកទៅប្រកបរបរចិញ្ចឹមជីវិត។ ការឧបត្ថម្ភនេះ បានធ្វើឡើងបន្ទាប់ពីអតីតកីឡាកររូបនេះ ត្រូវបានអ្នកស្គាល់គ្នាលួចយកម៉ូតូមួយគ្រឿងយកទៅបាត់។

ម៉ូតូដែលជាការឧបត្ថម្ភរបស់លោកឧកញ៉ា ឡេង ប្រុស ត្រូវបានយកទៅប្រគល់ជូនដល់ដៃអតីតកីឡាករប្រដាល់ ជា ស្រួច នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក ជា ស្រួច ជាអតីតកីឡាករប្រដាល់ល្បាញល្បីមួយរូបនៅកម្ពុជា។ តែបន្ទាប់ឈប់ប្រកបអាជីពជាអ្នកប្រដាល់អតីតកីឡាកររូបនេះ បានជួបរលកព្យុះជីវិតនាំឱ្យជីវភាពធ្លាក់ដុនដាប់ជាខ្លាំង។ នៅពេលថ្មីៗអតីតកីឡាកររូបនេះ ក៏ត្រូវបានអតីតកីឡាករ វង់ ណយ ហៅមកជួយដឹកជញ្ជូនងៀតក្របីអាំង ក៏ដូចជាស៊ុបកន្ធាយទៅជូនភ្ញៀវជាមួយនឹងម៉ូតូកញ្ចាស់មួយគ្រឿងរបស់ខ្លួន។

តែដូចពាក្យចាស់ខ្មែរពោលថា «យីអ៊ុនដាក់ អារក្សជាន់» ក្រោយមកធ្វើការជាមួយ វង់ ណយ មិនបានប៉ុន្មានផង ម៉ូតូរបស់លោក ជា ស្រួច ក៏ត្រូវអ្នកធ្វើការជាមួយគ្នានេះលួចយកទៅបាត់ ធ្វើឱ្យអតីតកីឡាកររូបនេះលែងមានម៉ូតូសម្រាប់ប្រកបរបរចិញ្ចឹមជីវិតទៀត។

ក្រោយទទួលព័ត៌មាននូវការលំបាក ក៏ដូចជាការបាត់ម៉ូតូនេះ លោកឧកញ៉ា ឡេង ប្រុស ជាបុគ្គលដែលគេប្រសិទ្ធនាមថា «អ្នកចិត្តបុណ្យ» នោះ ក៏បានទាក់ទងអតីតកីឡាករ ជា ស្រួច ដើម្បីឧត្ថម្ភម៉ូតូមួយគ្រឿងជូនរូបគាត់ យកទៅប្រកបរបរចិញ្ចឹមជីវិតបន្ត។

ក្រោយពីទទួលបានម៉ូតូដល់ដៃហើយ លោក ជា ស្រួច រីករាយជាខ្លាំង ព្រោះថាម៉ូតូនេះមានតម្លៃបំផុតសម្រាប់ជីវិតរបស់លោក ដែលកំពុងដុនដាបជាខ្លាំងនោះ។ លោក ជា ស្រួច បានថ្លែងអំណរគុណដល់លោកឧកញ៉ា ឡេង ប្រុស និងក្រុមគ្រួសារ ចំពោះទឹកចិត្តករុណាដ៏ធំធេងសម្រាប់អតីតកីឡាករធ្លាក់ខ្លួនដូចជារូបលោក។

លោក ជា ស្រួច ក៏បានសន្យាមើលថែម៉ូតូជាអំណោយកើតចេញពីទឹកចិត្តករុណាដ៏ធំធេងនេះឱ្យបានគង់វង្ស ហើយនឹងប្រឹងប្រែងកសាងជីវិតជាថ្មីជាមួយម៉ូតូមួយគ្រឿងនេះ។

សូមបញ្ជាក់ថា ឧកញ៉ា ឡេង ប្រុស ដែលមានកំណើតជាកូនកសិករ និងធ្លាប់បានហែលឆ្លងរស់ជាតិជីវិតយ៉ាងលំបាកវេទនាក្នុងជីវភាពក្រខ្សត់ពីអតីតកាលនោះ គឺតែងតែមានទឹកចិត្តសណ្តោសប្រណីចំពោះអ្នកខ្សត់ខ្សោយ និងតែងតែជួយរំលែកការលំបាកនានាជាមួយរាជរដ្ឋាភិបាល៕