(តិចសាល់)៖ កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានបរាជ័យត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងការប្រកួតកីឡាជឺជិតស៊ូដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោក WNO Championship ប្រភេទទម្ងន់ស្រាល (១១៥ផោន) ក្រោយប្រកួតចាញ់កីឡាការិនីចិន ដែលឈរចំណាត់ថ្នាក់លេខ២ ពិភពលោក Grace Gundrum កាលពីព្រឹកមិញនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។

ជំនួបរវាងកីឡាការិនីខ្សែក្រវាត់ខ្មៅវ័យក្មេងទាំងពីរ បានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកស្នេហាវិស័យកីឡាជឺជិតស៊ូ។ ប៉ុន្ដែគួរឲ្យស្ដាយ ដោយសារការភ្លាត់ស្នៀតនៅចុងម៉ោងរបស់កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា បានផ្ដល់ឱកាសឲ្យ Grace Gundrum ប្រើបច្ចេកទេសចាប់ឃ្លេ(Twister) រូបនាងរហូតត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួត ដោយផ្ដល់ជ័យជម្នះឲ្យកីឡាការិនីចិនតែម្ដង។

ជ័យជម្នះរបស់កីឡាការិនីចំណាត់ថ្នាក់លេខ២ លើកីឡាការិនីចំណាត់ថ្នាក់លេខ៣ ពិភពលោកខាងលើនេះ នាំឲ្យនាង បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដោយជួបកីឡាការិនីចំណាត់ថ្នាក់លេខ១ ពិភពលោក គឺកីឡាការិនីប្រេស៊ីល Mayssa Bastos ហើយខ្សែក្រវាត់កីឡាជឺជិតស៊ូកម្រិតពិភពលោកនេះ ក៏បានធ្លាក់ទៅកណ្ដាប់ដៃ Bastos បន្ទាប់ពីនាង បានយកឈ្នះដោយពិន្ទុជាឯកច្ឆន្ទៈលើ Grace Gundrum នៅថ្ងៃដដែលនេះ។

គួរដឹងថា ព្រឹត្តិការណ៍ WNO Championship បានរៀបចំការប្រកួតរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៥-២៦ ខែកញ្ញា (ពេលវេលានៅរដ្ឋតិចសាស់ដើរយឺតជាងកម្ពុជា ១២ម៉ោង) ដោយគណៈកម្មការរៀបចំការប្រកួតបានសម្រិតសម្រាំងជើងខ្លាំងលំដាប់ពិភពលោក ៨រូបចូលរួម។ សម្រាប់កីឡាការិនីជ័យលាភី លេខ១ ទទួលបានខ្សែក្រវាត់ អមប្រាក់រង្វាន់ចំនួន ៣ម៉ឺនដុល្លារ, លេខ២ ទទួលបាន ១៥,០០០ដុល្លារ និងលេខ៣ ទទួលបាន ៧,៥០០ដុល្លារ៕