(តូក្យូ)៖ កីឡាការិនីលេខ៨ ពិភពលោក ប្រភេទវាយកូនបាល់ (Tennis) មានសញ្ជាតិជប៉ុន Naomi Osaka បានធូរស្បើយបញ្ហាផ្លូវចិត្ត នៅពេលនេះរូបនាងបានង្ហាញថា ពិតជារមាស់ដៃចង់ចូលប្រកួតប្រជែងកីឡាវាយកូនបាល់វិញដោយនឹងត្រឡប់មកវិញឆាប់ៗនេះ ខណៈនាងជាម្ចាស់ជើងឯក ៤សម័យកាលកម្រិត Grand Slam។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

Osaka បានធ្លាក់ចេញពីការប្រជែងការពារតំណែងជើងឯកនៃពានរង្វាន់ US Open 2021 ដោយចាញ់កីឡាការិនី Leylah Fernandez ក្នុងជុំទី៣ ដែលមានកីឡាការិនី Raducanu ជាម្ចាស់ជើងឯកពានរដូវកាលនេះ គ្រាដែល Osaka វ័យ ២៣ឆ្នាំ ក៏បានដកខ្លួនចេញពីព្រឹត្តិការណ៍ French Open និងពាន Wimbledon ផងដែរ ដោយសារវិបត្តិសុខភាពផ្លូវចិត្តរបស់នាង ហើយការប្រកួតនៅ Tokyo Olympics 2020 ក៏ធ្វើបានត្រឹមជុំទី៣ ទៀត។

នាងបានប្រាប់ HBO ថា «នាងនឹងវិលត្រឡប់មកវិញឆាប់ៗនេះ ដោយបន្ថែមថា នាងពិតជាមានការរមាស់ដៃចង់លេងម្តងទៀត។ ការចាញ់ ឬឈ្នះពិតជាមិនសំខាន់ទេ គ្រាន់តែមានភាពរីករាយដែលបានត្រឡប់មកវិញនៅខែតុលាខាងមុខនេះ»។ Osaka ជាអតីតម្ចាស់ពាន US Open 2018, 2020 និងពាន Australian Open 2019 និងឆ្នាំ2021៕