(ភ្នំពេញ)៖ ថ្មីៗនេះ បណ្តាអ្នកគាំទ្របានសង្កេតឃើញថា មានចម្រៀងថ្មីចំនួន២បទ ជាស្នាដៃនិពន្ធ Melody និងទំនុកច្រៀង ដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងច្រៀងដោយតារាវ័យក្មេង គ្រាប់ពេជ្រប្រចាំផលិតកម្ម Galaxy Navatra គឺកញ្ញា តន់ ច័ន្ទសីម៉ា។ តែយ៉ាងណា ទាំងពីរបទនោះនៅមិនទាន់បញ្ចេញជាផ្លូវការនោះទេ ពោលគឺមានតែវីដេអូក្នុង MV ចម្រៀងខ្លីៗ ត្រូវបានដាក់បញ្ចូលក្នុងបណ្តាញសង្គម Tik Tok តែប៉ុណ្ណោះ។ អ្វីដែលគ្រប់គ្នាភ្ញាក់ផ្អើល គឺវីដេអូខ្លីនៃ MV ចម្រៀងថ្មី «L.I.T» បញ្ចេញត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ គឺមានអ្នកចូលទស្សនារហូតដល់ទៅជាង ១២.៤ លានដងក្នុង Tik Tok។

វីដេអូខ្លីនៃ MV ចម្រៀងថ្មី «L.I.T» ដែលទទួលការគាំទ្រខ្លាំងពីមហាជនលើ Tik Tok ច្រៀងដោយកញ្ញា តន់ ច័ន្ទសីម៉ា នេះ ត្រូវបានគេដឹងថា ជាស្នាដៃចម្រៀងទី២ នៃការនិពន្ធ Melody និងទំនុកច្រៀងដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលចំនួន២ថ្ងៃទទួលបានជាង ១២.៤View ខណៈបទទី១ គឺមានចំណងជើងថា «Lambo Toy» បញ្ចេញបានរយៈពេល៤ថ្ងៃ មានអ្នកចូលទស្សនាជាង ៩.១លាន View។

អាចនិយាយបានថា ជាចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់ ក៏ដូចជាសន្ទុះនៃការគាំទ្រចម្រៀងថ្មី២បទនេះ កាន់តែខ្លាំងឡើង ត្បិតថាមិនទាន់បញ្ចេញជាផ្លូវការលើ YouTube របស់ផលិតកម្ម Galaxy Navatra ក្តី។ តែយ៉ាងណា មានទស្សនិកជនមិនតិចនាក់នោះទេ កំពុងរង់ចាំទស្សនាវីដេអូចម្រៀងពេញ នៃចម្រៀងទាំងពីរបទខាងលើ របស់ តន់ ច័ន្ទសីម៉ា។

គួរជម្រាបថា កញ្ញា តន់ ច័ន្ទសីម៉ា មិនថាបញ្ចេញចម្រៀងប្រភេទអ្វីនោះទេ គឺតែងតែមានទស្សនិកជនខ្មែរគាំទ្រយ៉ាងច្រើនកុះករជានិច្ច បើនិយាយទៅទាំងចម្រៀងបែបមនោសញ្ចេតនា បែបញាក់កន្ត្រាក់អារម្មណ៍ បែបរ៉េប គឺសុទ្ធសឹងតែមានការគាំទ្រខ្លាំងពីទស្សនិកជន។ ចំណុចដែលពិសេស គឺតារាវ័យក្មេងរូបនេះ មានប្រភេទសំឡេងអាចបត់បែនបានគ្រប់ប្រភេទចម្រៀងតែម្តង៕

ទស្សនាចម្រៀងថ្មីបទ «L.I.T» នៅលើ Tik Tok