(ភ្នំពេញ)៖ បន្ទាប់ពីកែសម្ផស្សទទួលបានជោគជ័យ សមតាមបំណងប្រាថ្នាហើយនោះ តារាសម្ដែងសិចស៉ី ដេននី ក្វាន់ បានសម្រេចចិត្តបោះទុនខ្ទង់ម៉ឺនដុល្លារ បើកមជ្ឈមណ្ឌលថែរក្សាសម្ផស្សផ្ទាល់ខ្លួនមួយ ក្នុងន័យបើកទំព័រជំនួញថ្មីដោយខ្លួនឯងមួយទៀត ហើយនឹងដំណើរការនៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២១នេះ ខណៈអតិថិជនរបស់នាង ក៏មានការគាំទ្រ និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារចង់ឃើញមជ្ឈមណ្ឌលនេះជាផ្លូវការ។ មួយរយៈចុងក្រោយនេះ មហាជនបានសង្កេតឃើញថា តារាសម្ដែង ដេននី ក្វាន់ ហាក់មានសម្រស់ស្រស់ស្អាតប្លែកពីធម្មតា ប៉ុន្តែតាមការពិត គឺនាងសំងំវះកាត់កែសម្ផស្ស ទើបធ្វើឲ្យនាងមានរូបរាងស្អាតប្លែកមួយកម្រិតទៀត។

តារាសម្ដែងសិចស៉ី ដេននី ក្វាន់ បានថ្លែងប្រាប់ Fresh News Plus តាមរយៈសារអេឡិចត្រូនិច ឲ្យដឹងនៅរសៀលថ្ងៃនេះថា ជាការពិតរូបនាង បាននឹងកំពុងបោះទុនសិក្សា បើកមជ្ឈមណ្ឌលថែរក្សាសម្ផស្សផ្ទាល់ខ្លួនពិតមែន ហើយហាងនេះ នឹងចាប់ផ្ដើមដំណើរការនៅពាក់កណ្ដាលខែតុលានេះហើយ។ ការសិក្សាលើជំនួញបើកហាងកែសម្ផស្សនេះ គឺកើតឡើងក្រោយពីរូបនាងខ្លួនឯង ទទួលបានការវះកាត់កែសម្ផស្សយ៉ាងជោគជ័យ ហើយក៏មានការគាំទ្រច្រើនពីអតិថិជនរបស់ខ្លួន ពេលនាងបានបង្ហើបពីគម្រោងមួយនេះ។

ដេននី ក្វាន់ និយាយថា «ខ្ញុំអត់ទាន់ដឹងទេបង ព្រោះមិនទាន់ហើយ ទាល់តែហើយបានដឹង ព្រោះត្រូវរៀបចំតុបតែងច្រើនទៀត។ សម្រាប់តម្លៃអត់ទាន់ស្មានបានទេបង។ មូលហេតុខ្ញុំបើកដោយសារតែខ្ញុំ ធ្លាប់វះកាត់កែសម្ផស្សច្រើនដោយជោគជ័យ ហើយក៏មានការគាំទ្រច្រើនពីសំណាក់បងប្អូន ក៏ដូចជាហ្វេនរបស់ខ្ញុំគាំទ្រ ក្នុងការបើកមជ្ឈមណ្ឌលថែរក្សាសម្ផស្ស ហើយអីឡូវក៏មានអតិថិជនសំរុក កក់យកប្រម៉ូស្សិនបញ្ចុះតម្លៃ ៥០%ច្រើន..!»។

តារាសម្ដែងចូលចិត្តបញ្ចេញភាពសិចស៉ី ដេននី ក្វាន់ បានបញ្ជាក់បន្ថែមទៀតថា មជ្ឈមណ្ឌលថែរក្សាសម្ផស្សនេះ នឹងត្រូវដំណើរការនៅពាក់កណ្ដាលខែតុលានេះហើយ បន្ទាប់ពីមានការតុបតែង និងដេគ័ររួចរាល់ ហើយការប៉ាន់ប្រមាណទុន គឺដឹងតែខ្ទង់ម៉ឺនដុល្លារហើយ។ ហាងថ្មីនេះ ត្រូវបានដេននី ក្វាន់ ចាត់ទុកថា ជាជំនួញរកស៉ីថ្មីមួយទៀត បន្ទាប់ពីការងារសិល្បៈត្រូវបានផ្អាកស្ទើរតែទាំងស្រុង ព្រោះតែវិបត្តិនៃជំងឺកូវីដ-១៩ ធ្វើឲ្យនាងមានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រប់គ្រង។

សូមបញ្ជាក់ថា សម្រាប់តារាសម្ដែង ដេននី ក្វាន់ ត្រូវបានមហាជនមើលឃើញថា ទោះបីជាបច្ចុប្បន្ននេះ ស្ថានភាពប្រទេសជាតិត្រូវនឹងជួបវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ក្ដី ប៉ុន្តែគេសង្កេតឃើញរូបនាង ហាក់មិនបានប៉ះពាល់ដល់កម្រិតជីវភាពនោះឡើយ ពោលគឺមហាជនឃើញតែនាង និងក្រុមគ្រួសារពង្រីកការរកស៉ីជាបន្តបន្ទាប់។ ចំណែកក្នុងកិច្ចការងារមនុស្សធម៌ ដែលនាងធ្លាប់ធ្វើនៅក្នុងសង្គមនាងពេលកន្លងមក ក៏ហាក់នៅមានជាបន្តបន្ទាប់ ជាពិសេសគឺតាមស្រុកស្រែចំការ៕