(ប៉ារីស)៖ កីឡាករ Lionel Messi ត្រូវបានគេរំពឹងថា នឹងលេងនៅក្នុងការប្រកួតលីគ Champions League របស់ក្រុម Paris St Germain ត្រូវប៉ះនឹងក្រុម Manchester City នៅថ្ងៃអង្គារស្អែកនេះ បន្ទាប់ពីបានចូលរួមក្នុងការហ្វឹកហាត់, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានខកខានការប្រកួតលីគ Ligue 1 ចំនួន២ប្រកួត ដោយសារជាំជង្គង់ ប៉ុន្តែហាក់ដូចជាមិនមានបញ្ហា ជាមួយនឹងរបួសនោះទេ នៅព្រឹកថ្ងៃចន្ទនេះ។

«យើងនឹងបញ្ជាក់នៅថ្ងៃស្អែក, ប៉ុន្តែខ្ញុំគិតថា គាត់នឹងស្ថិតក្នុងក្រុម សម្រាប់ថ្ងៃស្អែក», នេះបើតាមសម្តីគ្រូបង្វឹក លោក Mauricio Pochettino បានប្រាប់សន្និសីទសារព័ត៌មាន។

លោក Pochettino បានបញ្ជាក់ដែរថា កីឡាករ Marco Verratti អាចនឹងចូលលេងផងដែរ បន្ទាប់ពីខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះ បានខកខានការប្រកួតចំនួន៤លើក ដោយសាររបួសជង្គង់។

PSG ត្រូវបានទម្លាក់ចេញ ក្នុងលីគ Champions League នៅវគ្គប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីរដូវកាលមុន ដោយក្រុម City។

សូមជម្រាបថា PSG មាន១ពិន្ទុក្នុងដៃ បន្ទាប់ពីពួកគេទទួលបានលទ្ធផលស្មើ១-១ ក្នុងការប្រកួតជាមួយក្រុម Club Brugge, ២លេខរៀង ឈរនៅពីក្រោមក្លិប City ដែលបានបំបាក់ក្រុម RB Leipzig ៦-៣ ក្នុងការប្រកួតបើកឆាក៕