(សេអ៊ូល)៖ ខ្សែប្រយុទ្ធចំនួន ២រូបដែលលេងនៅលីគកំពូលអង់គ្លេស Premier League កីឡាករ Son Heung-min និង Hwang Hee-chan ត្រូវបានដាក់បញ្ចូលក្នុងក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង សម្រាប់ការប្រកួតវគ្គជម្រុះ World Cup ដែលនឹងមកដល់នាពេលខាងមុខ ដោយត្រូវប៉ះជាមួយនឹងស៊ីរី និងអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ក្រុមរបស់លោកអ្នកចាត់ការ Paulo Bento នេះនឹងត្រូវធ្វើម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវស៊ីរី នៅថ្ងៃទី០៧ ខែតុលា មុនពេលធ្វើដំណើរទៅរដ្ឋធានី Tehran ដើម្បីជួបក្រុមកំពូលក្នុងតារាងពូល A អ៊ីរ៉ង់ នូវរយៈពេល ៥ថ្ងៃបន្ទាប់នៅឯពហុកីឡដ្ឋាន Azadi Stadium។

ក្រុមកូរ៉េខាងត្បូងមាន ៤ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ការប្រកួតបើកឆាកចំនួន ២លើករបស់ពួកគេ ក្នុងជុំផ្តាច់ព្រ័ត្រតំបន់អាស៊ី សម្រាប់ឈានទៅការប្រកួតផ្តាច់ព្រ័ត្រឆ្នាំក្រោយនៅប្រទេសកាតា ដោយស្នើ ០-០ ជាមួយអ៊ីរ៉ាក់កាលពីថ្ងៃទី០២ ខែកញ្ញា មុនពេលយកឈ្នះលើក្រុមលីបង់ ក្នុងលទ្ធផល១-០ ក្នុងរយៈពេល ៥ថ្ងៃបន្ទាប់។

កីឡាករ Son លេងនៅក្លិប Tottenham Hotspur ត្រូវបានដកចេញពីក្រុមជម្រើសជាតិ មុនពេលប៉ះជាមួយក្រុមលីបង់ ដោយសារបញ្ហារបួសកំភួនជើង ប៉ុន្តែចាប់តាំងពីពេលនោះមក បានវិលត្រឡប់មករកភាពរឹងមាំពេញលេញវិញជាមួយក្រុមរបស់លោក។

ដោយឡែក កីឡាករ Hwang បានទទួលការចាប់អារម្មណ៍ក្រោយចូលរួមជាមួយក្លិប Wolverhampton Wanderers ក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប RB Leipzig នៅចុងរដូវកាលផ្ទេរកីឡាករ ដោយបានស៊ុតបញ្ចូលទីក្នុងការចាប់ផ្តើមលេងដំបូងក្នុងជំនួបតទល់នឹងក្រុម Watford កាលពីខែមុន៕