(ភ្នំពេញ)៖ គ្រូបង្វឹកជនជាតិអៀរឡង់លោក Colum Curtis នឹងត្រឡប់ទៅស្រុកកំណើតវិញ ក្រោយចែកផ្លូវជាមួយក្រុមបាល់ទាត់វិសាខា។ ប៉ុន្ដែគ្រូបង្វឹកវ័យក្មេងជាងគេរូបនេះ បានសម្ដែងការខកចិត្តរឿងមួយ ដែលខ្លួនមិនទាន់ធ្វើបានសម្រេចជូនអ្នកគាំទ្រ មុនចាកចេញពីកម្ពុជា។

អតីតគ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងខាងលើ បានបញ្ជាក់ថា «ខ្ញុំខកចិត្តដែលមិនបាននៅបន្តជួយក្លិបឲ្យទទួលបានជោគជ័យមួយ ដែលអ្នកទាំងអស់គ្នាស័ក្ដសមនឹងទទួលបាននៅរដូវកាលនេះ តែយ៉ាងណា ខ្ញុំដឹងថាក្លិបនឹងទៅដល់គោលដៅនោះ»

ការបញ្ជាក់របស់គ្រូបង្វឹក កំពុងសិក្សាវគ្គគ្រូកម្រិត UEFA Pro License រូបនេះ ទំនងសម្ដែងលើការប្រជែងជើងឯកលីគកំពូលកម្ពុជា ដែលកំពុងមានការប្រកួតប្រជែងខ្លាំង ស្របពេលវិសាខា ក៏នៅមានភាគរយខ្ពស់ក្នុងការប្រជែងពានផងដែរ ដ្បិតពានសម្ដេចតេជោ ហ៊ុន សែន លោកបានជួយក្រុមលើកពានរួចមកហើយ កាលពីឆ្នាំ២០២០។

យ៉ាងណាមិញ Colum បានអរគុណថ្នាក់ដឹកនាំក្លិបវិសាខា ដែលផ្ដល់ឱកាសឲ្យលោកដឹកនាំក្រុមជិត ២រដូវកាលកន្លងមក នាំឲ្យលោកទទួលយកបទពិសោធល្អៗជាច្រើនទាំងក្នុង និងក្រៅទីលាន។ អ្វីដែលពិសេសលោកនឹងចងចាំអនុស្សាវរីយ៍ល្អៗ ពិសេសនៅរាត្រីឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

គួរដឹងថា លោក Colum Curtis បានមកប្រកបអាជីពនៅកម្ពុជាដំបូង កាលពីឆ្នាំ២០១៩ ក្នុងនាមគ្រូជំនួយក្លិបព្រះខ័នរាជស្វាយរៀង មុនផ្ទេរមកវិសាខា ក្នុងតំណែងជាគ្រូបង្គោលនៅឆ្នាំ២០២០។ ក្រោយចែកផ្លូវជាមួយវិសាខា លោកថា នឹងត្រឡប់ជៅស្រុកកំណើតជួបគ្រួសារវិញ ពិសេសនឹងបន្ដការសិក្សាវគ្គគ្រូកម្រិត UEFA Pro License បន្តទៀត៕