(អាមេរិក)៖ គណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) បានប្រកាសឱ្យដឹងថា នឹងចាប់ផ្ដើមដាក់ដំណើរការកញ្ចប់ថវិកា ១,៩ពាន់លាន ដុល្លារអាមេរិក ដើម្បីសងដល់ ក្រុមហ៊ុនទូរគមនាគមន៍ អាមេរិក នៅតាមជនបទដែលព្រមដកឧបករណ៍ ឬគ្រឿងបរិក្ខាទូរគមនាគមន៍របស់ ក្រុមហ៊ុនចិន ដូចជា Huawei និង ZTE Corp និងជំនួសដោយក្រុមហ៊ុនផ្សេងវិញ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រោយពីសហរដ្ឋអាមេរិកបានប្រកាសដាក់ ក្រុមហ៊ុនចិន Huawei និង ZTE Corp ចូលក្នុងបញ្ចីខ្មៅ ដោយសារតែព្រួយបារម្ភពីបញ្ហាសុវត្ថិភាព និងសន្តិសុខជាតិមក រដ្ឋាភិបាលអាមេរិក ក៏បាន ត្រៀមកញ្ចប់ថវិកាដើម្បី ផ្ដល់ជូនដល់ ក្រុមហ៊ុនក្នុងស្រុកឱ្យប្ដូរឧបករណ៍របស់ ក្រុមហ៊ុនចិនទាំងនោះចិន និងជំនួសដោយឧបករណ៍ ក្រុមហ៊ុនផ្សេងវិញ ដោយមានការឧបត្ថម្ភប្រាក់ពីរដ្ឋាភិបាល។

គម្រោងមួយនេះត្រូវបានអនុម័តកាលពីខែកក្កដា ហើយចាប់ពីថ្ងៃទី២៩ ខែកញ្ញាស្អែកនេះតទៅ គឺសម្រាប់ក្រុមហ៊ុនដែលស្ថិតនៅក្នុងបញ្ជីឈ្មោះ ដែល ត្រូវផ្លាស់ប្ដូរឧបករណ៍ទូរគមនាគមន៍អាចចាប់ផ្ដើមស្នើសុំឯកសារ និងថវិកាខាងលើបានរហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

ក្រុមអ្នកឃ្លាំមើលបាននិយាយថា កម្មវិធីផ្លាស់ប្ដូរនេះគឺត្រូវចំណាយថវិកាយ៉ាងច្រើនសន្ធឹក ដែលក្នុងនោះរដ្ឋាភិបាលបានត្រៀមប្រមាណជា ៨,៣ពាន់លានដុល្លារដើម្បីទុកប្រើប្រាស់៕