(ភ្នំពេញ)៖ ទីបំផុតប្រទេសសិង្ហបុរី បានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 បន្ទាប់ពីឆ្លងកាត់ការសិក្សា និងការវាយតម្លៃយ៉ាងល្អិតល្អន់ពីសំណាក់សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) ដែលបានបើកកិច្ចប្រជុំរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០២១។

គួរដឹងថា មានប្រទេសចំនួន៥ ដែលបានដាក់ពាក្យស្នើសុំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំតំបន់នេះ រួមមានកម្ពុជា ថៃ សិង្ហបុរី ឥណ្ឌូនេស៊ី និងវៀតណាម។ ប៉ុន្ដែក្រោយកិច្ចប្រជុំ AFF កាលពីម្សិលមិញ គេបានជ្រើសរើស ២ប្រទេសដែលមានអាទិភាពធ្វើម្ចាស់ផ្ទះគឺមានថៃ និងសិង្ហបុរី មុនការប្រជុំ និងប្រកាសសម្រេចផ្ដល់សិទ្ធិឲ្យប្រទេសសិង្ហបុរី នៅរសៀលថ្ងៃទី២៨ ខែកញ្ញានេះ។

សម្រាប់ការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 ដែលពន្យារពេលមករៀបចំនៅចុងឆ្នាំនេះ គ្រោងធ្វើការប្រកួតពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ខាងមុខ។ កម្ពុជា បានចាប់ឆ្នោតស្ថិតក្នុងពូល B ជាមួយវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងឡាវ។ រីឯពូល A វិញគឺមានម្ចាស់ផ្ទះសិង្ហបុរី ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន និងក្រុមឡើងមកពីវគ្គជម្រុះរវាងប្រ៊ុយណេ និងទីម័រខាងកើត៕