(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់អាមេរិក Ford Motor Co បានសហការជាមួយនឹងក្រុមហ៊ុនកូរ៉េខាងត្បូង SK Innovation គ្រោងនឹងបោះទុនវិនិយោគរួមគ្នាក្នុងទឹកប្រាក់រហូតដល់ ១១,៤ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រដំឡើងរថយន្តនៅលើទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមសេចក្ដីប្រកាសបានឱ្យដឹងថា ទឹកប្រាក់ដ៏ច្រើននេះនឹងត្រូវវិនិយោគទៅលើការបង្កើតរោងចក្រដំឡើងរថយន្តអគ្គិសនី F-150 ចំនួន១ និងរោងចក្រផលិតអាគុយចំនួន ៣ នៅលើទឹកដីសហរដ្ឋអាមេរិក ដែលវាជាផ្នែកមួយនៃគោលដៅពន្លឿនផែនការរបស់ក្រុមហ៊ុន Ford ក្នុងការ ចាប់យកទីផ្សាររថយន្តអគ្គិសនី ខណៈដែល Ford គឺជាក្រុមហ៊ុនផលិតរថយន្តអាមេរិកទីពីរដែលបាន ផ្ដោតសំខាន់លើការផលិតរថយន្តអគ្គិសនី។

ក្រុមហ៊ុន Ford បានបង្ហាញពីក្ដីរំពឹងរបស់ខ្លួន ដោយនឹងផលិតរថយន្តអគ្គិសនីបានចន្លោះពី ៤០ភាគរយ ទៅ ៥០ភាគរយ នៃការផលិតរថយន្តសរុបរបស់ខ្លួននៅត្រឹមឆ្នាំ ២០៣០ ហើយបើធៀបនឹងការព្យាករលើកមុនមានត្រឹម ៤០ភាគរយប៉ុណ្ណោះ។

ក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះក៏បានលើកឡើងផងដែរថា នេះជាការវិនិយោគក្នុងមួយលើកធំបំផុត លើការវិនិយោគផលិតកម្ម នៅក្នុងប្រវត្តិសាស្ត្រ ១១៨ឆ្នាំរបស់ក្រុមហ៊ុន Ford។

ក្នុងចំណោមទឹកប្រាក់ ១,៤ពាន់លានដុល្លារអាមេរិកនេះគឺក្រុមហ៊ុន Ford បានវិនិយោគ ៧ពាន់លានដុល្លារអាមេរិក និងនៅសល់ប៉ុន្មានទៀតគឺ ជា ការបោះទុនរបស់ក្រុមហ៊ុន SK Innovation ដោយក្នុងនោះមាន ៥,៨ពាន់លានដុល្លារនឹងត្រូវយកទៅវិនិយោគនៅតំបន់ Kentucky និង ៥,៦ពាន់លានដុល្លារទៀតនឹងត្រូវវិនិយោគនៅតំបន់ Tennessee។

គួរបញ្ជាក់ផងដែរថា Ford ដែលមានគម្រោងដាក់ដំណើរការរថយន្តអគ្គិសនី F-150 Lightning នៅនិទាឃរដូវឆ្នាំក្រោយ ដែល វាជាផែនការយុទ្ធសាស្ត្រមួយរបស់លោក Jim Farley នាយកប្រតិបត្តិ Ford ដែលបានឡើងកាន់តំណែងកាលពីខែតុលាឆ្នាំ ២០២០ ហើយកាលពីដើមខែកញ្ញាកន្លងទៅនេះ Ford ក៏បានបង្កើនសមត្ថភាពផលិតទ្វេដងនូវរថយន្ត F-150 Lightning ផងដែរ៕