(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃទី២៨ ខែកញ្ញានេះ បានបន្ដដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការទីលាន។ លោកបានធ្វើការជំរុញឲ្យគណៈកម្មការជំនាញនីមួយៗ ត្រូវបញ្ចប់ផែនការ រួមទាំងគម្រោងថវិកា ត្រឹមឆមាសទី២ ដើម្បីត្រៀមអនុវត្តផែនការរបស់ខ្លួន នៅឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចប់កិច្ចប្រជុំលោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា លោករដ្ឋមន្ដ្រីបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹង និងរៀបចំផែនការរបស់គណៈកម្មការជំនាញ ជាក់ស្ដែងគណៈកម្មការទីលាន ដើម្បីត្រៀមខ្លួនឆ្ពោះទៅឆ្នាំ២០២៣។ ប៉ុន្ដែចាប់ពីពេលនេះ រាល់កិច្ចប្រជុំ និងការបង្ហាញនូវវឌ្ឍនភាពការងារ គណៈកម្មការជំនាញនីមួយៗ ត្រូវភ្ជាប់នូវគម្រោងថវិកាសម្រាប់ឆ្នាំ២០២២-២០២៣ ដែលជាយន្ដការមួយក្នុងការជំរុញគ្រប់បែបបទទាំងអស់ត្រូវបញ្ចប់ក្នុងឆមាសទី២ ឆ្នាំ២០២១។

លោកបន្ដថា «ក្នុងឆមាសទី២ នេះ ទម្រង់នៃការរៀបចំផែនការទាំងអស់ ត្រូវបានបញ្ចប់ជាលម្អិត ទាំងគម្រោងថវិកា។ អញ្ចឹងគណៈកម្មការទីលាន ដឹកនាំដោយឯកឧត្តម ជា បូរ៉ា ដែលជាប្រធានគណៈកម្មការ បានធ្វើបទបង្ហាញ ដោយភ្ជាប់ជាមួយគម្រោងថវិកា។ តាមការណែនាំរបស់ឯកឧត្ដមបណ្ឌិត ថោង ខុន មានន័យថា ចាប់ពីពេលនេះតទៅ គណៈកម្មការនីមួយៗ ត្រូវលើកទាំងគម្រោងថវិកាភ្ជាប់មកជាមួយនូវសកម្មភាពទាំងអស់របស់ខ្លួន សម្រាប់ឆ្នាំ២០២២-២០២៣ ហើយឆ្នាំ២០២២ ចាប់ផ្ដើមត្រួតពិនិត្យ និងអនុវត្តតែម្ដង»

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា សម្រាប់គណៈកម្មការទីលាន បានបែងចែកទីលានប្រកួត ៦តំបន់ធំៗ គឺនៅភ្នំពេញ សៀមរាប ព្រះសីហនុ កំពត ខេត្តកែប និងខេត្តកំពង់ស្ពឺ ក្នុងនោះមានទីលានមួយចំនួន ត្រូវធ្វើការកែលម្អ និងជួសជុលឲ្យស្របតាមលក្ខណៈស្ដង់ដារបច្ចេកទេសប្រកួតកីឡានីមួយៗ។ ដូច្នេះគណៈកម្មការទីលាន ចាំបាច់ត្រូវសិក្សាលម្អិតអំពីគម្រោងថវិកាលើទីលានទាំងអស់ ដើម្បីជំរុញការអនុវត្តការងារឆ្នាំ២០២២ ឲ្យបានទាន់ពេលវេលា និងរួចរាល់មុនស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣៕