(សៀមរាប)៖ កូនឈើចំនួនប្រមាណ៥០០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរា និងសមាគមទេសចរណ៍កម្ពុជា (CATA) សហការជាមួយអាជ្ញាធរមូលដ្ឋាន រួមគ្នាដាំនៅបរិវេណស្ពានបច្ចេកទេសតាមដងស្ទឹងសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ដើម្បីលើកកម្ពស់គម្របព្រៃឈើ បង្កើនទេសភាពបៃតងនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

កិច្ចសហការរួមគ្នាដាំកូនឈើនេះ ក្រោមប្រធានបទ «វប្បធម៌និងបរិស្ថានបៃតង» ក្នុងគោលបំណងជំរុញភាពបៃតង និងលើកសោភ័ណភាពបេតិកភណ្ឌ សម្រាប់ប្រយោជន៍ទាក់ទាញភ្ញៀវទេសចរនៅក្នុងតំបន់ទេសចរណ៍វប្បធម៌អច្ឆរិយៈ។

ការដាំកូនឈើដោយមានការចូលរួមពីលោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា តំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា តំណាងរដ្ឋបាលក្រុងសៀមរាប ប្រតិបត្តិករទេសចរណ៍ អាជ្ញាធរភូមិ សង្កាត់ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា និងប្រជាពលរដ្ឋមួយចំនួនទៀត ។

លោក ឡុង កុសល បានលើកឡើងថា ការដាំកូនឈើថ្ងៃនេះ ជាសកម្មភាពមួយក្នុងចំណោមការងារជាច្រើនដែលអាជ្ញាធរជាតិអប្សរារួមជាមួយអង្គភាព និងស្ថាប័នពាក់ព័ន្ធជាច្រើនបានដាំកូនឡើងវិញ ក្នុងន័យលើកកម្ពស់គម្របព្រៃឈើ បង្កើនទេសភាពបៃតងនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោកបន្ថែមថា ព្រៃឈើមានគុណប្រយោជន៍យ៉ាងខ្លាំងដល់វិស័យបេតិកភណ្ឌ បរិស្ថាន និងការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបដែលត្រូវតែយកចិត្តទុកដាក់។

លោកស្រី ឆាយ ស៊ីវលីន បានលើកឡើងដែរថា ការរៀបចំព្រឹត្តិការណ៍ដាំដើមឈើនៅតាមដងស្ទឹងសៀមរាបពេលនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ការរួមចំណែកលើកកម្ពស់ និងថែរក្សាបរិស្ថានធម្មជាតិ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាការបណ្តុះគំនិតប្រតិបត្តិករទេសចរណ៍ ព្រមទាំងមហាជនឱ្យចេះស្រឡាញ់ថែរក្សាព្រៃឈើ។

ក្នុងមួយឆ្នាំៗ អាជ្ញាធរជាតិអប្សរាតែងដាំកូនឈើដោយផ្ទាល់ចំនួនប្រមាណជាង២ម៉ឺនដើម នៅតាមតំបន់ដែលសឹករេចរិល ក្នុងគោលបំណងស្តារឡើងវិញនូវគម្របព្រៃឈើនៅក្នុងតំបន់ឧទ្យានអង្គរ ក្នុងនោះមានទាំងការដាំប្រភេទកូនឈើពូជប្រណីតៗ ដូចជា ដើមគ្រញូង បេង នាងនួន ច្រេស និងឈើធ្នង់ ក្រៅពីនោះក៏មានដាំកូនឈើសម្រាប់លម្អ ដូចជាដើមផ្កា និងដើមឈើប្រពៃណីជាច្រើនទៀត មានដើមត្នោត ដើមអំពិល ដើមស្តៅ និងដើមរាំង ដើម្បីឱ្យប្រជាពលរដ្ឋអាចអាស្រ័យផល និងអនុផលពីព្រៃឈើទាំងនោះបានផង៕