(តូក្យូ)៖ លោក Ryu Hirose គ្រូបង្គោលក្រុមជម្រើសជាតិ U23 កម្ពុជា ក្រោយការប្រកួតទល់នឹង U23 ហុងកុងក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Qualifiers បានបកស្រាយមូលហេតុដែលធ្វើឲ្យក្រុមជម្រើសជាតិរបូត ២គ្រាប់នៅតង់ទី២ ដោយបញ្ជាក់ថា បណ្តាលមកពីការផ្លាស់ប្តូរកីឡាករច្រើន ព្រោះចង់ដឹងពីការលេងរបស់កីឡាករថ្មីៗខ្លះ។

ទោះជាយ៉ាងនេះក្តី គ្រូបង្គោលគោព្រៃកម្ពុជា អាយុក្រោម ២៣ឆ្នាំ រំពឹងថា បទពិសោធន៍នេះនឹងធ្វើឲ្យលោកដឹងពីការកែសម្រួល និងជាការត្រៀមខ្លួន ដើម្បីជួបជាមួយក្រុមជម្រើសជាតិ U23 ជប៉ុន នារយៈពេល ២ថ្ងៃខាងមុខទៀត។

លោក Ryu Hirose បានបញ្ជាក់យ៉ាងច្នេះថា «លទ្ធផលយើងទទួលបានជ័យជម្នះនេះ គឺព្រោះតែយើងព្យាយាមរក្សាបាល់ ដូចតាមអ្វីដែលយើងបានអនុវត្តក្នុងការហ្វឹកហាត់។ ការរបូត ២គ្រាប់នៅតង់ទី២ បណ្តាលមកពីការផ្លាស់ប្តូរកីឡាករច្រើន ព្រោះយើងចង់ដឹងពីការលេងរបស់កីឡាករថ្មីៗខ្លះ តែការផ្លាស់ប្តូរនេះវាអាចឲ្យយើងដឹងថា យើងត្រូវកែសម្រួលបែបណាសម្រាប់ជំនួបជាមួយជប៉ុន រយៈពេល ២ថ្ងៃខាងមុខទៀតនេះ»

ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា បានទទួល ៣ពិន្ទុពេញសម្រាប់ប្រកួតបើឆាកពូល K នៃវគ្គជម្រុះពានរង្វាន់ប្រចាំទ្វីងអាស៊ី AFC U23 Asian Cup Uzbekistan 2022-Qualifiers ក្រោយយកឈ្នះគូប្រជែង U23 ហុងកុងយ៉ាងចាស់ដៃក្នុងលទ្ធផល ៤-២ នៅកីឡដ្ឋាន J-Village ប្រទេសជប៉ុននាថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១។

ការប្រកួតដ៏ជក់ចិត្តនេះ ក្រុមគោព្រៃជំទង់កម្ពុជាធ្វើបានយ៉ាងល្អ តាំងពីដើមវគ្គទី១ ដោយបានបង្កើតឱកាស និងដាក់សម្ពោធជាច្រើនលើក្រុម U23 ហុងកុងរហូតដល់នាទី៤០ ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងកម្ពុជា សៀង ចន្ធា បានបណ្ដើរបាល់ និងញាក់ខ្សែការពារហុងកុង ហើយស៊ុតបញ្ចប់ទីជួយឲ្យ U23 កម្ពុជា បើកការនាំមុខ ១គ្រាប់មុន។

ចូលវគ្គទី២ ក្រុមយុវជន U23 កម្ពុជា នៅតែរក្សាទម្រង់លេងដ៏ល្អ ពិសេសក្នុងរយៈពេល ៧នាទី កម្ពុជាបានស៊ុតបំប៉ោងសំណាញ់ទីក្រុម U23 ហុងកុង ៣គ្រាប់បន្ថែមទៀត ដោយកីឡាករ សៀង ចន្ធា នៅនាទី៥៤, កីឡាករ ស៊ិន កក្កដា នៅនាទី៥៦ និងកីឡាករ មិន រតនៈ នៅនាទី៦១ មុនក្រុមកីឡាករហុងកុង វាយបកបាន ២គ្រាប់វិញនៅនាទី៨២ និងនៅនាទី៩០+៣។

ជ័យជម្នះនេះ បានក្លាយជាដើមទុនដ៏សំខាន់របស់ក្រុមគោព្រៃជំទង់កម្ពុជា ដើម្បីក្ដោបឱកាសប្រជែងកៅអីវគ្គ ១៦ក្រុមចុងក្រោយ (ជុំផ្ដាច់ព្រ័ត្រ) នៃពានរង្វាន់យុវជនអាយុក្រោម ២៣ឆ្នាំប្រចាំទ្វីបអាស៊ីនេះ មុនក្រុម U23 កម្ពុជា ត្រូវធ្វើការប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ U23 ជប៉ុន ក្នុងជំនួបបញ្ចប់ពូល K នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ខាងមុខ នៅកីឡដ្ឋាន J-Village ដដែល។

គួរដឹងថា ការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022-Qualifiers គឺមាន ៤១ក្រុមចូមរួម និងបែងចែកជា ១១ពូល ខណៈកម្ពុជា ស្ថិតក្នុងពូល K ជាមួយហុងកុង និងជប៉ុន។ ក្រោមបញ្ចប់ការប្រកួតនេះ ក្រុមឈរលេខ១ នៃពូលនីមួយៗ រួមទាំងក្រុមលេខ២ ល្អជាងគេចំនួន ៤ក្រុមនឹងបានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ជាមួយម្ចាស់ផ្ទះអូបេគីស្ថាន នាឆ្នាំ២០២២ ខាងមុខ៕