(ភ្នំពេញ)៖ នៅពេលទំនាក់ទំនងគតិយុត្ត រវាងម្ចាស់បំណុល ជាមួយកូនបំណុលកើតឡើង ស្របពេលជាមួយគ្នានេះ សិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់បំណុល និងកូនបំណុល ក៏ត្រូវកើតឡើងផងដែរ ដោយកូនបំណុលមានកាតព្វកិច្ចត្រូវសងជាប្រាក់ ឬវត្ថុ នូវចំនួន បរិមាណ ឬទំហំដែលខ្លួនបានទទួលពីម្ចាស់បំណុលទៅឱ្យម្ចាស់បំណុលវិញ ហើយម្ចាស់បំណុលមានកាតព្វកិច្ចទទួលការសងពីកូនបំណុលដោយផ្ទាល់។ ប៉ុន្តែ មានករណីមួយចំនួន ដែលម្ចាស់បំណុលមិនអាចអនុវត្តសិទ្ធិលើបំណុលជាមួយកូនបំណុលបាន មានន័យថា គាត់មិនអាចទទួលបានការសងដោយផ្ទាល់ពីកូនបំណុល ករណីនេះគាត់អាចមានសិទ្ធិអនុវត្តសិទ្ធិដែលកូនបំណុលមាន ជំនួសកូនបំណុលបាន ដែលច្បាប់បានកំណត់ថា «ឧបាទេសកម្មដោយអ្នកមានសិទ្ធិលើបំណុល»

ដូចនេះតើអ្វីទៅជាឧបាទេសកម្មដោយអ្នកមានសិទ្ធិលើបំណុល? តើមានលក្ខខណ្ឌបែបណាខ្លះដែលម្ចាស់បំណុលអាចអនុវត្តសិទ្ធិឧបាទេសកម្មនេះបាន?

ដើម្បីឱ្យកាន់តែច្បាស់ សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងលើកយកប្រធានបទស្ដីពី ឧបាទេសកម្មដោយអ្នកមានសិទ្ធិលើបំណុល មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

យោងតាមក្រមរដ្ឋប្បវេណី ឧបាទេសកម្មដោយអ្នកមានសិទ្ធិលើបំណុល គឺសិទ្ធិឧបាទេសកម្មរបស់ម្ចាស់បំណុល ដោយម្ចាស់បំណុលទទួលបានសិទ្ធិអំណាច ដើម្បីរក្សាការពារនូវសិទ្ធិលើបំណុលរបស់ខ្លួន ហើយម្ចាស់បំណុលត្រូវបានទទួលស្គាល់នូវសិទ្ធិធ្វើអន្តរាគមន៍លើសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូនបំណុល ក្នុងទំហំចាំបាច់មួយ ប្រសិនបើស្ថិតក្នុងស្ថានភាពដែលកូនបំណុលពុំអាចមានធនធានហិរញ្ញវត្ថុ ដែលមិនអាចធ្វើការសងទៅម្ចាស់បំណុលបាន លើកលែងតែករណី ម្ចាស់បំណុលបានអនុវត្តសិទ្ធិលើបំណុលរបស់កូនបំណុល ហើយធ្វើការប្រមូលសិទ្ធិលើបំណុលនោះពីកូនបំណុលទី៣រួច។

មួយវិញទៀត ចំពោះករណីចាំបាច់ដើម្បីទទួលការបំពេញចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ម្ចាស់បំណុលក៏អាចអនុវត្តសិទ្ធិលើបំណុល របស់កូនបំណុលដែលមានការទាក់ទងយ៉ាងខ្លាំងនឹងសិទ្ធិលើបំណុលរបស់ម្ចាស់បំណុលនោះ ដោយឧបាទេសកម្មបានដែរ។ ឧទាហរណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះមានសិទ្ធិទាមទារសំណងការខូចខាតពីចារី (ជនបង្ក) ដោយជនរងគ្រោះមានបំណងធ្វើឧបាទេសកម្មនូវសិទ្ធិលើបំណុលរបស់ចារីនោះ ក្នុងការទាមទារបុព្វលាភពីក្រុមហ៊ុនធានារ៉ាប់រង ដោយច្បាប់ទទួលស្គាល់នូវសិទ្ធិឧបាទេសកម្មនេះ ហេតុនេះជនរងគ្រោះត្រូវក្លាយជាម្ចាស់បំណុល ហើយចារីក្លាយជាកូនបំណុល រីឯក្រុមហ៊ុនធានារ៉ាប់រងក្លាយជាកូនបំណុលទី៣។

និយាយរួម មានន័យថាម្ចាស់បំណុលមានសិទ្ធិអនុវត្តនូវសិទ្ធិដែលកូនបំណុលមាន ជំនួសកូនបំណុលបាន ហើយម្ចាស់បំណុលអាចអនុវត្តនូវសិទ្ធិឧបាទេសកម្មនេះបាន លុះត្រាតែកូនបំណុលមិនទាន់បានអនុវត្តនូវសិទ្ធិរបស់ខ្លួន ប៉ុន្ដែក្នុងករណីមួយចំនួនម្ចាស់បំណុលមិនអាចអនុវត្តនូវសិទ្ធិដែលកូនបំណុលមាន ជំនួសកូនបំណុលបានឡើយ ដូចជាករណី៖

* (១)៖ សិទ្ធិលើបំណុលជាសិទ្ធិផ្ដាច់មុខរបស់កូនបំណុល ដែលកូនបំណុលអាចសម្រេចដោយឆន្ទៈសេរីរបស់ខ្លួនថានឹងអនុវត្ត ឬមិនអនុវត្តសិទ្ធិលើបំណុលនោះ។ ឧទាហរណ៍៖ ការបែងចែកទ្រព្យសម្បត្តិរួមរបស់ប្ដីប្រពន្ធ ចំពោះករណីលែងលះ ជាអាទិ៍។

* (២)៖ កិច្ចសន្យាអញ្ញមញ្ញ ត្រូវតែមានសំណើ និងស្វីការ ស៉ីសង្វាក់គ្នា ដូច្នេះកូនបំណុលត្រូវផ្ដល់ស្វីការ (ការយល់ព្រម) ទៅនឹងសំណើនៃកិច្ចសន្យាថាយល់ព្រមទទួលយក ឬមិនទទួលយក នេះគឺជាសិទ្ធិរបស់កូនបំណុលក្នុងការសម្រេចចិត្តដោយផ្ទាល់។

* (៣)៖ សិទ្ធិហាមមិនឱ្យរឹបអូស ដូចជាសិទ្ធិទទួលបានប្រាក់បៀវត្ស (សិទ្ធិលើបំណុលចំពោះប្រាក់បៀវត្សមួយផ្នែកត្រូវបានហាមមិនឱ្យរឹបអូស យោងតាមមាត្រា៣៨២ នៃក្រមនីតិវិធីរដ្ឋប្បវេណី)។

ដើម្បីអនុវត្តសិទ្ធិឧបាទេសកម្មបាន លុះត្រាតែកូនបំណុលមិនទាន់បានអនុវត្តសិទ្ធិរបស់ខ្លួន ប៉ុន្ដែប្រសិនបើពេលកំណត់នៃសិទ្ធិលើបំណុលមិនទាន់មកដល់ទេ នោះម្ចាស់បំណុលមិនអាចអនុវត្តសិទ្ធិឧបាទេសកម្មបានឡើយ លើកលែងតែទទួលបានការអនុញ្ញាតពីតុលាការ។ ប៉ុន្ដែ សិទ្ធិឧបាទេសកម្មនេះក៏អាចអនុវត្តដោយពុំចាំបាច់មានការអនុញ្ញាតពីតុលាការបានដែរ ចំពោះសកម្មភាពរក្សាទុក ដូចជាការផ្អាកអាជ្ញាយុកាល ជាអាទិ៍ ដោយគ្រាន់តែទំហំនៃការធ្វើអន្តរាគមន៍ទៅលើទ្រព្យសម្បត្តិរបស់កូនបំណុលត្រូវមានកម្រិតទាប និងមានភាពបន្ទាន់ (ក្នុងករណីដែលកូនបំណុលពុំមានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការសង)។ ក្រោយពីម្ចាស់បំណុលបានជូនដំណឹងទៅកូនបំណុល បញ្ជាក់ថាខ្លួនបានអនុវត្តសិទ្ធិរបស់កូនបំណុលដោយឧបាទេសកម្មរួច នោះកូនបំណុលមិនអាចអនុវត្តសិទ្ធិចំពោះកូនបំណុលទី៣ដោយជាន់គ្នាបានឡើយ លើកលែងតែកូនបំណុលទទួលការសងដោយស្ម័គ្រចិត្តពីកូនបំណុលទី៣ ហើយការទទួលការសងនេះមិនធ្វើឱ្យមានផលប៉ះពាល់ ឬខូចខាតដល់សិទ្ធិឧបាទេសកម្មរបស់ម្ចាស់បំណុលឡើយ។

អានុភាពនៃសិទ្ធិឧបាទេសកម្មរបស់ម្ចាស់បំណុល នឹងមានដោយផ្ទាល់ជាមួយកូនបំណុល ក្នុងករណីម្ចាស់បំណុលបានទទួលការសងនូវវត្ថុដែលជាកម្មវត្ថុនៃកាតព្វកិច្ចពីកូនបំណុលទី៣ មានន័យថា កូនបំណុលទី៣ បានសងចំពោះម្ចាស់បំណុលទី២ (ត្រូវជាកូនបំណុលរបស់ម្ចាស់បំណុលទី១) របស់ខ្លួនដោយផ្ទាល់ ដូច្នេះ ក្រោយពីកូនបំណុលទី៣ បានសងទៅម្ចាស់បំណុលទី២រួច នោះកាតព្វកិច្ចរបស់កូនបំណុលទី៣ ត្រូវបានរលត់។ ប៉ុន្ដែ ក្នុងករណីកូនបំណុលមិនសហការក្នុងការទទួលតាវកាលិក ឬមានមូលហេតុផ្សេងដែលនាំឱ្យកូនបំណុលមិនទទួលយកតាវកាលិកពីកូនបំណុលទី៣ទេ នោះម្ចាស់បំណុលដែលអនុវត្តសិទ្ធិឧបាទេសកម្ម អាចទាមទារឱ្យកូនបំណុលទី៣ ផ្ដល់នូវតាវកាលិកនោះចំពោះខ្លួនដោយផ្ទាល់បាន។

ជាមួយគ្នានេះ កូនបំណុលទី៣ ក៏មានសិទ្ធិតវ៉ានឹងម្ចាស់បំណុលដែលធ្វើឧបាទេសកម្មបានដែរ ក្នុងករណីកូនបំណុលទី៣មានសិទ្ធិលើបំណុលតបចំពោះកូនបំណុល នោះកូនបំណុលទី៣អាចធ្វើការអះអាងការទូទាត់(ទូទាត់ជាមួយកូនបំណុល) ជាមួយម្ចាស់បំណុលដែលធ្វើឧបាទេសកម្មបាន។ យ៉ាងណាមិញ ចំពោះសិទ្ធិទាមទារឱ្យប្រគល់ខាងលើនេះ គឺមិនអាចធ្វើបានគ្រប់កម្មវត្ថុឡើយ ដោយម្ចាស់បំណុលអាចទាមទារ ឱ្យប្រគល់ចំពោះខ្លួនបានចំពោះតែប្រាក់ ឬចលនវត្ថុ តែប៉ុណ្ណោះ។ ចំណែកឯការទាមទារឱ្យប្រគល់នូវអចលនវត្ថុ ដូចជាការទាមទារឱ្យធ្វើការចុះបញ្ជីការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ គឺច្បាប់មិនអនុញ្ញាតឡើយ។

ចំពោះករណីដែលមានម្ចាស់បំណុលផ្សេងទៀត នោះម្ចាស់បំណុលដែលបានធ្វើឧបាទេសកម្មលើទ្រព្យសម្បត្តិកូនបំណុលពុំមានអាទិភាពណាមួយ ក្នុងការសម្រេចសិទ្ធិលើបំណុលរបស់ខ្លួនមុនម្ចាស់បំណុលផ្សេងទៀតបានឡើយ ដោយម្ចាស់បំណុលផ្សេងៗទៀត អាចទាមទារឱ្យចែកចំណែកនូវវត្ថុដែលម្ចាស់បំណុលដែលធ្វើឧបាទេសកម្មបានទទួលដោយផ្ទាល់ពីកូនបំណុលទី៣ មកខ្លួនបាន។ ដោយឡែក ម្ចាស់បំណុលដែលធ្វើឧបាទេសកម្មលើទ្រព្យសម្បត្តិរបស់កូនបំណុល មិនអនុញ្ញាតឱ្យធ្វើការទូទាត់នូវសិទ្ធិលើបំណុលដែលខ្លួនមានចំពោះកូនបំណុល ជាមួយកាតព្វកិច្ចដែលខ្លួនត្រូវសងទៅកូនបំណុលឡើយ។

សរុបរួមមក ឧបាទេសកម្មអ្នកមានសិទ្ធិលើបំណុល គឺជាសិទិ្ធអំណាចមួយដែលម្ចាស់បំណុលទទួលបាន ដោយអនុលោមតាមច្បាប់ ដើម្បីអនុវត្តសិទ្ធិលើបំណុលដែលកូនបំណុលមានជំនួសកូនបំណុល ក្នុងករណីកូនបំណុលមិនមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការសង។ ជាពិសេស សិទ្ធិឧបាទេសកម្មនេះ អាចអនុវត្តបានក្រៅប្រព័ន្ធតុលាការ ដែលនេះជានីតិវិធីមួយផ្ដល់ភាពងាយស្រួលដល់ម្ចាស់បំណុលក្នុងការការពារសិទ្ធិលើបំណុលរបស់ខ្លួនបានទាន់ពេលវេលា និងឆាប់រហ័ស លើកលែងតែពេលកំណត់នៃសិទ្ធិលើបំណុលនោះមិនទាន់មកដល់ ដែលចាំបាច់ត្រូវមានការអនុញ្ញាតពីតុលាការ។

រៀបរៀងដោយ៖ លោកស្រីមេធាវី មាស រ៉ាវីន និងកញ្ញា ថន រ៉ាវ៉ាឌី ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៉ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com , ហ្វេសប៊ុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕