(ភ្នំពេញ)៖ តាមការបញ្ជាក់របស់ លោកវេជ្ជបណ្ឌិត ពៅ ឈាងហេង ឯកទេសជំងឺសួត ផ្លូវដង្ហើម និងជំងឺទូទៅ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ ថាជំងឺស្រមុកស្ទះដង្ហើម មានផលប៉ះពាល់យ៉ាងខ្លាំងក្នុងតំណេកប្រចាំថ្ងៃ អ្នកជំងឺអាចភ្ញាក់ពីតំណេកភ្លាមៗ ហើយពិបាកនឹងសំរាន្តលក់វិញ ដែលអាចប៉ះពាល់ដល់ការងារប្រចាំថ្ងៃ និងពិបាកក្នុងការបើកបរយាន្តជំនិះដោយខ្លួនឯង។

លើសពីនោះ លោកវេជ្ជបណ្ឌិតឯកទេសរូបនេះបានថ្លែងបន្ថែម «ប្រសិនបើមិនឆាប់ទទួលការព្យាបាលសមស្រប និងទាន់ពេលវេលានោះទេ វានឹងបង្កឱ្យមានជំងឺបេះដូង លើសឈាម ទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមខួរក្បាល។

លោកវេជ្ជបណ្ឌិត ពៅ ឈាងហេង បានបញ្ជាក់ថា រោគសញ្ញាគេងស្រមុកខ្លាំង និងស្ទះដង្ហើមពេលគេង គឺតែងមានអារម្មណ៍អស់កម្លាំង ឧស្សាហ៍ងងុយគេង ក្រោកពីគេងឈឺក្បាល មិនអាចប្រមូលផ្តុំអារម្មណ៍ និងឆ្លើយតបយឺត មួរម៉ៅ ការចងចាំចុះខ្សោយ និងមានសញ្ញាខ្សោយផ្លូវភេទ។

*កត្តាហានិភ័យនាំឱ្យមានជំងឺនេះគឺ៖
១៖ ធាត់លើសគីឡូ
២៖ មនុស្សមានវ័យចាស់
៣៖ បុគ្គលដែលមានរន្ធផ្លូវដង្ហើមតូច
៤៖ អ្នកជំងឺលើសឈាម ទឹកនោមផ្អែម
៥៖ បុគ្គលដែលមានបញ្ហាតឹងច្រមុះរុំារ៉ៃ
៦៖ អ្នកជក់បារី
៧៖ មនុស្សប្រុស
៨៖ អ្នកជំងឺហឺត

លោកវេជ្ជបណ្ឌិត ពៅ ឈាងហេង ឯកទេសជំងឺសួត ផ្លូវដង្ហើម និងជំងឺទូទៅ បានបន្ដថា ការការពារមានល្អបំផុត គឺការសម្រកគីឡូ សម្រាប់អ្នកដែលធាត់, ឈប់ជក់បារី, ចៀសវាងពិសាគ្រឿងស្រវឹង និងប្រើថ្នាំងងុយគេងជាដើម។

ដើម្បីតាមដានច្បាស់នូវអាការៈនៃជំងឺនេះ គឺត្រូវការវាស់ស្រមុក ដែលមានភាពងាយស្រួលដោយចំណាយពេលត្រឹមមួយយប់ ដើម្បីបំពាក់ម៉ាស៊ីន គេងសំរាន្តក្នុងបន្ទប់ឯកជនភាព និងមិនមានការរំខានប្រកបដោយផាសុកភាព។

ជាពិសេសដើម្បីចៀសវាងហានិភ័យសុខភាពដល់ជីវិត ដោយសារជំងឺស្រមុកស្ទះដង្ហើម គឺត្រូវព្យាបាលទាន់ពេលវេលា មិនត្រឹមតែអាចទប់ស្កាត់ផលវិបាកនោះទេ និងលើកកម្ពស់គុណភាពជីវិត និងការងារប្រចាំថ្ងៃផងដែរ៕