(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេអាយអេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេអាយអាយ ខេមបូឌា) ទើបនឹងដំណើរការកម្មវិធី Fit For Hope ឆ្នាំ ២០២១ ដើម្បីបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ និងផ្តល់ការគាំទ្រដល់អ្នកជំងឺ ខណៈអំពាវនាវឲ្យសាធារណជនចូលរួម ជាមួយក្រុមហ៊ុន និងមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម (SHCH) ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវនេះ។

កម្មវិធីនេះប្រារព្ធឡើង នៅក្នុងខែនៃការយល់ដឹងអំពីជំងឺមហារីកសុដន់អន្តរជាតិ។ កម្មវិធីនេះលើកទឹកចិត្តដល់ស្ត្រីក្នុងការស្វែងយល់អំពីជំងឺមហារីកសុដន់ ផលប៉ះពាល់ និងរបៀបក្នុងការរកឃើញរោគសញ្ញាបានទាន់ពេលវេលា ដែលអាចជួយសង្គ្រោះជីវិតពួកគេបាន។ កម្មវិធីនេះលើកទឹកចិត្តឲ្យស្ត្រីកម្ពុជា យកចិត្តទុកដាក់បន្ថែមលើរាងកាយរបស់ពួកគាត់ ហើយដឹងពីដំណោះស្រាយខ្លះៗដោយខ្លួនឯង តាមរយៈការអានព័ត៌មានផ្សេងៗអំពីជំងឺនេះ ធ្វើការពិនិត្យខ្លួនឯង និងពិគ្រោះជាមួយវេជ្ជបណ្ឌិតប្រសិនបើមានសំណួរ ឬបញ្ហាណាមួយ។

ការចាប់ដៃគូសហការ ជាមួយមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម (SHCH) តាមរយៈកម្មវិធី Fit For Hope របស់ អេអាយ អេ សបង្ហាញពីការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការជួយផ្សព្វផ្សាយ និងការគាំទ្រមន្ទីរពេទ្យនេះ តាមរយៈផ្នែកហិរញ្ញវត្ថុផងដែរ។ ដើម្បីជាកិច្ចថ្លែងអំណរគុណចំពោះមន្ទីរពេទ្យ ក៏ដូចជាជួយឲ្យអតិថិជនរបស់ អេអាយអេ ទទួលបានទាំងការការពារហិរញ្ញវត្ថុ និងរួមចំណែកជួយសង្គមវិញ ក្រុមហ៊ុននឹងធ្វើការបរិច្ចាគ ទៅកាន់មន្ទីរពេទ្យនូវទឹកប្រាក់ចំនួន ៥% នៃចំនួនបុព្វលាភធានារ៉ាប់រងពីរាល់បណ្ណសន្យារ៉ាប់រង ដែលបានទិញភ្ជាប់ជាមួយនឹងការធានារ៉ាប់រងជំងឺមហារីក ចាប់ពីថ្ងៃទី ២១ ខែតុលាដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។

អេអាយអេ ក៏សូមលើកទឹកចិត្តដល់សាធារណជនឲ្យចូលរួមបរិច្ចាគ ដើម្បីជួយឲ្យមន្ទីរពេទ្យព្រះសីហនុមណ្ឌល នៃក្តីសង្ឃឹមបន្តផ្តល់ការពិគ្រោះយោបល់ ការពិនិត្យ និងការព្យាបាលផ្សេងៗ ឥតគិតថ្លៃដល់ស្ត្រីដែលមិនមានលទ្ធភាពគ្រប់គ្រាន់។

ក្រៅពីនេះ អេ អាយ អេ ក៏មានការផ្តល់ជូនពិសេសសម្រាប់ស្ត្រីកម្ពុជារហូតដល់ ៣០០០នាក់ ជាមួយទឹកប្រាក់សំណង ១០០០ដុល្លារ ឥតគិតថ្លៃ ក្នុងករណីរកឃើញថា មានជំងឺមហារីកសុដន់។ ដោយឡែកសម្រាប់អតិថិជនវិញ ក្រុមហ៊ុននឹងផ្តល់ការការពារទ្វេដង រយៈពេលពេញមួយឆ្នាំលើករណីជំងឺមហារីក ជំងឺធ្ងន់ធ្ងរផ្សេងទៀត រួមទាំងជំងឺមហារីកសុដន់ សម្រាប់រាល់ការទិញបណ្ណសន្យារ៉ាប់រង ដែលមានភ្ជាប់អត្ថប្រយោជន៍ការពារជំងឺធ្ងន់ធ្ងរ (critical illness)។

លោក Andrew Loh អគ្គនាយកប្រតិបត្តិរបស់ អេអាយអេ ខេមបូឌា បានថ្លែងថា «សព្វថ្ងៃនេះ ទោះបីជាមានការយកចិត្តទុកដាក់ខ្លាំង ទៅលើជំងឺកូវីដ-១៩ តែយើងក៏ចង់រំឭកដល់ស្ត្រីទាំងអស់ ជាពិសេសស្ត្រីមានអាយុលើសពី ៤០ឆ្នាំ ឬមានហានិភ័យខ្ពស់ គួរយល់ដឹងពីជំងឺមហារីកសុដន់ និងផលវិបាករបស់វា។ ពួកគាត់គួរតែធ្វើតាមដំបូន្មានវេជ្ជសាស្រ្ត ហើយ អេអាយអេ ក៏មានការចែករំលែកព័ត៌មានសំខាន់ៗ មួយចំនួននៅលើទំព័រហ្វេសប៊ុក និងមធ្យោបាយផ្សព្វផ្សាយផ្សេងៗរបស់យើង ព្រោះការរកឃើញជំងឺហារីកសុដន់ទាន់ពេលវេលា ធ្វើឲ្យមានភាពងាយស្រួលក្នុងការព្យាបាល និងមានឱកាសជាសះស្បើយខ្ពស់»

«អេអាយអេ នឹងបន្តបង្កើនការយល់ដឹងដល់សាធារណជន ថាជំងឺមហារីកសុដន់ គឺជាជំងឺមហារីកកើតច្រើនជាងគេលំដាប់ទី២ នៅកម្ពុជា បន្ទាប់ពីមហារីកមាត់ស្បូន។ អាត្រាមរណភាពអាចនឹងកាត់បន្ថយ ប្រសិនបើស្ត្រីកម្ពុជាទទួលបានព័ត៌មានទាន់ពេលវេលា វិធានការណ៍បង្ការ ការពិនិត្យ ការប្រឹក្សា និងការព្យាបាលដោយឥតគិតថ្លៃផ្តល់ជូន ដោយមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ជាមួយកម្មវិធីមហារីកសុដន់របស់មន្ទីរពេទ្យ ដែលជាកម្មវិធីមានរយៈពេលយូរបំផុតនៅក្នុងប្រទេស»

មកដល់ពេលនេះ កម្មវិធី Fit For Hope របស់ អេអាយ អេ បានរៃអង្គាសប្រាក់បានជិត ៦០,០០០ ដុល្លារអាមេរិក សម្រាប់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម រួមជាមួយសកម្មភាពផ្សព្វផ្សាយ ពីជំងឺមហារីកសុដន់ក្រោមរូបភាពជាច្រើនដូចជា កម្មវិធីអនឡាញ និងសកម្មផ្សេងៗដូជា វីដេអូអប់រំ កាពិនិត្យ ការពិគ្រោះយោបល់ដោយឥតគិតថ្លៃ និងការចេញបទចម្រៀងយុទ្ធនាការជាផ្លូវការ។

យោងតាមទីភ្នាក់ងារអន្តរជាតិ សម្រាប់ការស្រាវជ្រាវលើជំងឺមហារីក (IARC) របស់អង្គការសុខភាពពិភពលោក ជំងឺមហារីកសុដន់បានក្លាយជាជំងឺមហារីក ដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យច្រើនបំផុត នៅលើពិភពលោកក្នុងឆ្នាំ ២០២០ និងជាមូលហេតុចំបង នៃការស្លាប់ដោយសារជំងឺមហារីកចំពោះស្ត្រី។ IARC និយាយថាករណីមហារីកចំនួន ១៨៧៧ ត្រូវបានរាយការណ៍នៅក្នុងប្រទេសកម្ពុជា កាលពីឆ្នាំមុនដែលមានចំនួន ១៨.៩% នៃករណីថ្មីទាំងអស់នៅក្នុងស្ត្រីកម្ពុជាគ្រប់វ័យ។

សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធី Fit For Hope របស់ អេអាយអេ ខេមបូឌា និងការផ្តល់ជូនផ្សេងៗ សូមទាក់ទងផ្នែកសេវាកម្មអតិថិជនរបស់ អេអាយអេ តាមរយៈលេខទូរស័ព្ទ ០៨៦ ៩៩៩ ២៤២ ឬចូលទៅកាន់គេហទំព័រ aia.com.kh៕