(ញូវយ៉ក)៖ នេះជាលើកទី១ ដែលកីឡាករប្រណាំងរថយន្ត Max Verstappen បើកឲ្យក្រុមប្រណាំង Red Bull ឈ្នះជើងឯកពានព្រឹត្តិការណ៍ប្រណាំង Formula 1 United States Grand Prix 2021 ក្រោយប្រជែងឈ្នះកីឡាករឆ្នើម Lewis Hamilton។ ដោយគិតត្រឹមរដូវកាលឆ្នាំ២០២១ នេះ Max បានឈ្នះជើងឯក ៨លើកហើយសម្រាប់កម្មវីធី Formula 1។

ក្នុងការប្រជែងជុំផ្តាច់ព្រ័ត្រដែលធ្វើនៅសហរដ្ឋអាមេរិក កីឡាករសញ្ជាតិហូឡង់ Max Verstappen បានយកឈ្នះ ១២ពិន្ទុ លើជើងខ្លាំងសញ្ជាតិអង់គ្លេស Lewis Hamilton ដែលបើកឲ្យក្រុមរថយន្ត Mercedes ហើយក៏មានកីឡាករ Sergio Perez ឈរលខ៣ បើកឲ្យក្រុមរថយន្ត Red Bull ខណៈពេលនេះ កីឡាករ Max បានឈ្នះពាន US Grand Prix ជាលើកទី១ ក្នុងអាជីព។

គូប្រជែង Lewis Hamilton បានឈ្នះពាន US Grand Prix ៦លើករួចទៅហើយ គ្រាដែលក្នុងរដូវកាលនេះ Lewis បានឈ្នះជើងឯកបានត្រឹម ៥លើកបណ្តោះអាសន្ន ដោយនៅសល់ការប្រណាំងចំនួន ៥លើកទៀត ដោយមាននៅប្រទេសម៉ិចស៊ិក, ប្រេស៊ីល, កាតា, អារ៉ាប៊ីសាអូឌីត និងនៅអារ៉ាប់រួម (Abu Dhabi)។

គិតពេលនេះ Max Verstappen បានឈ្នះពាន F1 ក្នុងរដូវកាលនេះ ៨លើកហើយ ដោយមាននៅប្រទេសអ៉ីតាលី, ម៉ូណាកូ, បារាំង, អូទ្រីស ២លើក, ប៊ែលហ្ស៊ិក, ហូឡង់ និងសហរដ្ឋអាមេរិកជាបណ្តោះអាសន្ន៕