(មេនឆេស្ទើ)៖ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានថ្លែងសារលួងចិត្តដល់អ្នកគាំទ្រ Manchester United បន្ទាប់ពីក្លិបបិសាចក្រហម ចាញ់បហង្សក្រហម Liverpool ក្នុងលទ្ធផលទក់សាច់ ៥-០ យ៉ាងចាស់ដៃនៃការប្រកួតក្របខណ្ឌកំពូលអង់គ្លេស Premier League នារាត្រីអាទិត្យ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា)។ នេះបើតាមការបង្ហោះសារលើបណ្តាញ Instagram របស់កីឡាករសញ្ជាតិព័រទុយហ្កាល់ ដកស្រង់ការផ្សាយដោយ Goal នៅថ្ងៃចន្ទនេះ។

កីឡាករវ័យ ៣៦ឆ្នាំបានបញ្ជាក់យ៉ាងដូច្នេះថា «ពេលខ្លះលទ្ធផលដែលទទួលបាន មិនមែនជាអ្វីដែលយើងចង់បាននោះទេ។ ពេលខ្លះ ពិន្ទុដែលយើងទទួលបាន ក៏មិនមែនជាអ្វីដែលយើងចង់បាននោះដែរ។ នេះគឺជាកំហុសរបស់ពួកយើង ហើយពួកយើងមិនត្រូវយកនរណាម្នាក់មកបន្ទោសឡើយ»

CR7 បានបន្តលើ Instagram ទៀតថា «អ្នកគាំទ្ររបស់ពួកយើងនៅតែអស្ចារ្យ ដែលនៅតែបន្តនៅក្បែរពួកយើង។ ពួកគេគួរតែទទួលបានលទ្ធផលល្អជាងនេះ ហើយវាអាស្រ័យលើពួកយើងជាអ្នកផ្តល់ឲ្យ (តែយើងធ្វើមិនបានល្អ)»

សូមជម្រាបថា ក្រុមបាល់ទាត់បិសាចក្រហម Manchester United បានបរាជ័យក្នុងផ្ទះ ៥-០ ក្រោមថ្វីជើងរបស់ហង្សក្រហម Liverpool នៃសប្តាហ៍ទី៩ ប្រចាំ Premier League រដូវកាលនេះនៅពេលខ្សែប្រយុទ្ធអេហ្ស៊ីប Mohamed Salah រកបាន ៣គ្រាប់ម្នាក់ឯង។