(ប៉េកាំង)៖ អត្តពលិក ចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាប៉េកាំង ឆ្នាំ២០២២ (Beijing 2022 Winter Olympics) នឹងត្រូវធ្វើតេស្តរកមេរោគ COVID-19 ជាប្រចាំថ្ងៃ ហើយនឹងតម្រូវឲ្យស្នាក់នៅប្រព័ន្ធរង្វង់បិទជិត ក្នុងនោះរួមទាំងការធ្វើដំណើរ ចម្លោះទីលានប្រកួតផ្សេងពីគ្នាផងដែរ, នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី បានឲ្យដឹងនៅក្នុងសេចក្តីណែនាំ ដែលចេញផ្សាយនាថ្ងៃចន្ទនេះ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ចិន, ជាប្រទេសមួយ ស្ថិតក្នុងចំណោមប្រទេស ដែលមានវិធានការទប់ស្កាត់ COVID-19 តឹងរឹងបំផុត នៅលើពិភពលោកនោះ, បានបញ្ជាក់ហើយថា អ្នកគាំទ្រអន្តរជាតិ នឹងមិនអនុញ្ញាតឲ្យចូលប្រទេសរបស់ខ្លួន ក្នុងគោលបំណងមកទស្សនាការប្រកួត ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈខាងមុខនោះឡើយ។

ចិន បានបិទព្រំដែនរបស់ខ្លួន ចំពោះអ្នកធ្វើដំណើរអន្តរជាតិ, ជាមួយនឹងជើងហោះហើរអន្តរជាតិ ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ពីកម្រិតមុនពេលមាន COVID-19 ហើយអ្នករៀបចំកម្មវិធី បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេស នឹងត្រូវលើកទឹកចិត្តឲ្យផ្អាកប្រតិបត្តិការជើងហោះហើរ ជាបណ្តោះអាសន្ន ដោយអាចត្រឹមតែអ្នកចូលរួមព្រឹត្តិការណ៍ប៉ុណ្ណោះ។

អ្នកចូលរួមព្រឹត្តិការណ៍កីឡានេះ នឹងចាំបាច់ធ្វើតេស្តរកមេរោគ COVID-19 មុនពេលមកដល់ ហើយអត្តពលិក និងក្រុមមន្ត្រី ត្រូវតែបានចាក់វ៉ាក់សាំង ដើម្បីជៀសវាងការធ្វើចត្តាឡីស័ក២១ថ្ងៃ ជាមួយនឹងអ្នកមួយចំនួន ត្រូវបានលើកលែង សម្រាប់ហេតុផលវេជ្ជសាស្រ្ត ដែលត្រូវបានផ្តល់ឲ្យតាមករណីនីមួយៗ។

អ្នករៀបចំ បានបន្ថែមថា ប្រព័ន្ធរង្វង់បិទជិត ត្រូវបានរចនាឡើង ដើម្បីរក្សាសុវត្ថិភាពអត្តពលិក ដោយកាត់បន្ថយសហប្រតិបត្តិការ ដែលមិនចាំបាច់។

អ្នកចូលរួមប្រកួតប្រជែង ក៏នឹងត្រូវបានលើកទឹកចិត្តឲ្យពាក់ម៉ាស់ និងកុំទៅកន្លែងបិទជិត និងមានមនុស្សច្រើន។

ការចាក់វ៉ាក់សាំង មិនត្រូវបានកំណត់ជាកាតព្វកិច្ច សម្រាប់ព្រឹត្តិការណ៍ Beijing Games នោះទេ ប៉ុន្តែគណៈកម្មាធិការអូឡាំពិកជាតិមួយចំនួន ក្នុងនោះរួមទាំងសហរដ្ឋអាមេរិក និងកាណាដាផងដែរ បានតម្រូវឲ្យសមាជិកក្រុមរបស់ពួកគេ ចាក់វ៉ាក់សាំង៕