(ភ្នំពេញ)៖ ធនាគារអេស៉ីលីដា ដែលជាធនាគារខ្មែរពាណិជ្ជធំជាងគេបំផុតនៅប្រទេសកម្ពុជា បាននិងកំពុងបន្តខិតខំអភិវឌ្ឍន៍នូវបច្ចេកវិទ្យាថ្មីៗ និងទំនើបៗឥតឈប់ឈរ ដើម្បីបម្រើសេវាជូនដល់អតិថិជនកាន់តែមានភាពងាយស្រួលថែមទៀត ក្នុងការប្រកបមុខរបរក៏ដូចជាការរស់នៅប្រចាំថ្ងៃ។

តួយ៉ាងធនាគារបានអភិវឌ្ឍន៍នូវមុខងារសំខាន់ៗ របស់អេស៉ីលីដាម៉ូបាល និងបានពង្រីកវិសាលភាពនូវហេដ្ឋារចនាសម្ព័ន្ធកាន់តែទូលាយ ដោយបានពង្រាយស្វ័យប្រវត្តិធនាគាររាប់រយកន្លែងនៅទូទាំងប្រទេស ដើម្បីបង្ខិតសេវាកាន់តែជិតដល់ដល់អតិថិជនងាយស្រួល ក្នុងការធ្វើប្រតិបត្តិការស្វ័យសេវាធនាគារ គ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់ ដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយ ឬទៅកាន់ធនាគារផ្ទាល់ឡើយ។

បើតាមលោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារធនាគារ អេស៉ីលីដា ភីអិលស៉ី បានថ្លែងថា បច្ចុប្បន្ននេះ ធនាគារ អេស៉ីលីដា បានបន្តអភិវឌ្ឍឥតឈប់ឈរក្នុងការបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីបម្រើដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួល និងផាសុកភាព ប្រកបដោយក្តីរីករាយ សប្បាយចិត្ត។

លោកស្រីបានបន្តថា «ធនាគារ អេស៉ីលីដា កំពុងបំពាក់បំពាក់ម៉ាស៉ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើតនូវភាពលេចធ្លោ និងទាន់សម័យសម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់យើង ដែលរួមមាន ម៉ាស៉ីនដាក់ប្រាក់-ដកប្រាក់, ម៉ាស៉ីនដកប្រាក់, ម៉ាស៉ីនបើកគណនី, ម៉ាស៉ីនបើកគណនីមានកាលកំណត់ និងម៉ាស៉ីនដាក់កាបូបប្រាក់សម្រាប់ដៃគូដែលមានការចរាចរក្រដាសប្រាក់ច្រើនប្រភេទទៀត ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់អតិថិជនសម្រាប់ការប្រើប្រាស់សាច់ប្រាក់ទៅតាមតម្រូវការ បន្ថែមពីលើការប្រើប្រាស់តាម អេស៉ីលីដាម៉ូបាល»

លោកស្រីនាយិកាបានបន្តថា អតិថិជនអាចអញ្ជើញទៅដក ដាក់ប្រាក់បើកគណនីធនាគារឬធ្វើវិនិយោគជាមួយធនគារដោយខ្លួនឯងផ្ទាល់បាននៅតាមទូម៉ាស៉ីន នៅទូទាំងប្រទេសដោយក្តីរីករាយ ២៤ម៉ោងលើ២៤ម៉ោង ដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយពីផ្ទះឡើយ ដោយអាចស្វែងរកទីតាំងទូម៉ាស៉ីនណាមួយ ដែលនៅជិតផ្ទះបានយ៉ាងងាយស្រួល និងមិនជួបមនុស្សច្រើនដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩។

លោកស្រីនាយិកាបានបញ្ជាក់ថា លើសពីនេះទៀតការដែលធនគារអេស៉ីលីដា ដាក់ពង្រាយម៉ាស៉ីនស្វ័យប្រវត្តិមានបច្ចេកវិទ្យាទំនើបបំផុតដ៏ច្រើនេះ គឺមិនត្រឹមតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ថែមទាំងធានាឱ្យបាននូវនិរន្តរភាពសេវាកម្ម ធនាគារ និង ហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសផងដែរ៕