(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិម៉ាឡេស៊ី នាវេលាម៉ោង ៤៖៣០នាទីល្ងាចថ្ងៃច័ន្ទនេះ (ម៉ោងនៅកម្ពុជា) ដែលជាជំនួបដំបូងក្នុងពូល B នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 នៅទឹកដីម្ចាស់ផ្ទះសិង្ហបុរី។

លោក Ryu Hirose គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ចំពោះកូនក្រុម ដោយរំពឹងពួកគេ នឹងធ្វើបានល្អក្នុងជំនួបបើកឆាកនេះ ។ គ្រូបង្វឹកជនជាតិជប៉ុនរូបនេះ និយាយថា «យើងរំពឹងថា កីឡាករទាំងយុវជន និងកីឡាករដែលមានបទពិសោធន៍ច្រើនពីការប្រកួតអន្ដរជាតិ នឹងបង្ហាញការលេងល្អ និងភាពស៊ីចង្វាក់គ្នាបានល្អសម្រាប់ការប្រកួតនេះ»

លោក Tan Cheng Hoe គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ ចំពោះក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅក្រុមលោក Keisuke Honda និងគ្រូបង្វឹកលោក Ryu Hirose ជាមួយភាពរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការលេងជាក្រុម ។ ដូច្នេះលោកថា ជំនួបលើកនេះ មិនងាយស្រួលសម្រាប់ម៉ាឡេស៊ីនោះទេ។

នេះគឺជាជំនួបដ៏ជក់ចិត្ត ដែលអ្នកគាំទ្រកម្ពុជា កំពុងទន្ទឹងរង់ចាំ ហើយសង្ឃឹមថា កម្ពុជា នឹងអាចធ្វើបាន ដូចកាលក្រុម U22 កម្ពុជា បានលត់ក្រុម U22 ម៉ាឡេស៊ី ៣-១ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ដ្រ កាលពីស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ដ្បិតកីឡាករភាគច្រើនពេលនោះ ក៏ត្រូវបានកោះហៅចូលរួមការប្រកួតពានប្រចាំតំបន់ AFF Suzuki Cup ពេលនេះផងដែរ។

គួរដឹងថា បន្ទាប់ពីជួបម៉ាឡេស៊ីល្ងាចនេះ ក្រុមគោព្រៃកម្ពុជា នឹងបន្ដជួបក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នាថ្ងៃទី០៩-ធ្នូ ជួបឡាវ នាថ្ងៃទី១៥-ធ្នូ និងចុងក្រោយត្រូវជួបក្រុមខ្លាំងវៀតណាម នាថ្ងៃទី១៩ ខែធ្នូខាងមុខ ។ រីឯពូល A វិញ បានបញ្ចប់ការប្រកួតបើកឆាក ២គូរួចហើយ ដោយក្រុមដំរីសឹកថៃ បានយកឈ្នះក្រុមទីម័រខាងកើត ២-០ ខណៈម្ចាស់ផ្ទះសិង្ហបុរី បានយកឈ្នះមីយ៉ាន់ម៉ា ៣-០៕